សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី
តបតាមការអញ្ជើញរបស់ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដូចខាងក្រោមៈ
- កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ / ការពិសាអាហារការងារពេលល្ងាច សម្រាប់ថ្នាក់ដឹកនាំអាស៊ាន
- កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី អមដោយអាហារពេលព្រឹក
- កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១
- កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០
- កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣
- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១
- កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា អមដោយអាហារពេលព្រឹក
- កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦
- កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១
- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ)
- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់ និង
- កិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី២។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ស្របពេលកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងប្រជុំ និងកម្មវិធីមួយចំនួន ដូចខាងក្រោម ៖
- កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន
- កម្មវិធីអាហារការងារថ្ងៃត្រង់រៀបចំដោយឯកឧត្តម លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និង
- ពិធីលៀងសាយភោជន (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួនផងដែរ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី១៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២២ ដែលកិច្ចប្រជុំទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ាន៕