ព័ត៌មានជាតិ

សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសិង្ហបុរី

image

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីមាតុភូមិហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៅប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។

ការអញ្ជើញរបស់សម្តេចតេជោ បានធ្វើឡើង តបតាមការអញ្ជើញរបស់ឯកឧត្តម លី សៀនឡុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី។
គណៈប្រតិភូជាន់ខ្ពស់ អមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។
បើតាមប្រសាសន៍ ឯកឧត្តម ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញថា កិច្ចប្រជុំកំពូលនេះ មានសារៈសំខាន់ណាស់ ដែលជាឱកាសឲ្យថ្នាក់ដឹកនាំប្រទេសអាស៊ាន ស្វែងរកទីផ្សារថ្មីបន្ថែមទៀត និងពិភាក្សាគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ។

សូមជម្រាបថា ក្រោយបញ្ចប់កិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ វិលមកកាន់កម្ពុជាវិញ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ៕( អត្ថបទ ៖ សន ពិសិដ្ឋ )