កូរ៉េផ្សព្វផ្សាយពីបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដល់បណ្តាប្រទេសអាស៊ាន
| បច្ចេកវិទ្យា
SHARE

រដ្ឋាភិបាលកូរ៉េ កំពុងប្រែក្លាយទីក្រុងរបស់ខ្លួនមួយចំនួនទៅជាទីក្រុងឆ្លាតវៃ (Smart City) និង បានកំពុងផ្សព្វផ្សាយ និងចែករំលែកបច្ចេកវិទ្យាទាំងនោះ ជាមួយនឹងបណ្តាប្រទេសនានា ជាពិសេសបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
គោលបំណងនៃទីក្រុងវៃឆ្លាត គឺការរួមបញ្ចូលគ្នារវាងព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ រួមនឹងឧបករណ៍តភ្ជាប់ទៅបណ្តាញបច្ចេកវិទ្យា ដើម្បីធ្វើអោយប្រតិបត្តិការនិងសេវាកម្មនៅតាមទីក្រុង កាន់តែមានប្រសិទ្ធភាព រួមនឹងការទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងពលរដ្ឋ ។
ដោយមើលឃើញពីសារៈប្រយោជន៍នៃទីក្រុងវៃឆ្លាត ប្រទេសកូរ៉េ បានកំពុងសហការជាមួយ បណ្តាប្រទេសជាច្រើន ដើម្បីរកវិធីក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទីក្រុងវៃឆ្លាត រួមនឹងការចែករំលែក នូវបច្ចេកវិទ្យាទាំងនោះ ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។


ចាប់តាំងពីឆ្នាំ ២០១៧មក ប្រទេសកូរ៉េ បានរៀបចំនូវសប្តាហ៍ទីក្រុងវៃឆ្លាតពិភពលោក( World Smart City Week) ចំនួន២ដង គឺនៅឆ្នាំ ២០១៧ និង នៅឆ្នាំ២០១៨ កាលពីខែកញ្ញាកន្លងទៅនេះ ដោយបានប្រមូលផ្តុំក្រុមហ៊ុនស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រមាណ ២៥០ក្រុមហ៊ុន ពីបណ្តាប្រទេសនានាលើពិភពលោក មកចូលរួមដាក់តាំងបង្ហាញពី បច្ចេកវិទ្យារបស់ពួកគេ ។
តំណាងក្រុមហ៊ុន KINTEX and COEX ដែលទទួលបានសិទ្ធិក្នុងការរៀបចំសប្តាហ៍ទីក្រុងវៃឆ្លាត ពិភពលោក បានថែ្លងអោយដឹងថា សប្តាហ៍ទីក្រុងវៃឆ្លាតពិភពលោក រៀបចំឡើងដើម្បីផ្សព្វផ្សាយទីក្រុងវៃឆ្លាតជាសកល រួមនឹងការពង្រឹងនិងពង្រីកការអភិវឌ្ឍន៍បច្ចេកវិទ្យានិងកិច្ចសហ ការអន្តរជាតិ ។ លោក បានអះអាងថា ព្រឹត្តិការណ៍នេះ មានការទាក់ទាញអ្នកចូលរួមទស្សនា ប្រមាណជាង ១៥០០០ នាក់ មកពីប្រទេសចំនួន១៥ ហើយពួកគេបានចាប់អារម្មណ៍នឹងបច្ចេក វិទ្យានេះផងដែរ ។


បើតាមតំណាងក្រុមហ៊ុន KINTEX and COEX នៅប្រទេសកូរ៉េ មានគម្រោងទីក្រុងវៃឆ្លាត រហូតដល់ជាង ៧០គម្រោង ខណៈដែលទីក្រុងចំនួន ៩របស់កូរ៉េ ក៏បានកំពុងប្រែក្លាយជាទីក្រុងវៃឆ្លាត ផងដែរ ។ លោក រំពឹងថា ជាមួយនឹងបទពិសោធន៍ដែលមាន ប្រទេសកូរ៉េ ក៏ចង់ជួយចែករំលែក និងផ្តល់កិច្ចសហការជាមួយនឹងបណ្តាប្រទេសនានា ជាពិសេស តំបន់អាស៊ាន ក្នុងនោះរួមមាន ទាំងកម្ពុជាផងដែរ ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី មេដឹកនាំអាស៊ាន ក៏នឹងអនុម័តយកផែនការគោលស្តីពីបណ្តាញទីក្រុងឆ្លាតរបស់អាស៊ាន (ASEAN Smart Cities Network Framework) ជាផ្លូវការផងដែរ។ គំនិតផ្តួចផ្តើមទីក្រុងឆ្លាតរបស់សិង្ហបុរី ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ ត្រូវបានប្រកាសជាសាធារណៈតាំងពីខែមេសា ឆ្នាំ២០១៨ មកម្ល៉េះ។


ផែនការគោលស្តីពីទីក្រុងឆ្លាតអាស៊ាននេះ ត្រូវបានរៀបចំឡើងដោយមានការសហការគ្នារវាងទីក្រុងជាសមាជិកទាំងអស់ ហើយវាមានគោលដៅកំណត់និយមន័យនៃទីក្រុងឆ្លាត និង ដាក់ផែនការសកម្មភាពជាក់លាក់សម្រាប់ការអភិវឌ្ឍទីក្រុងរបស់អាស៊ាន ចន្លោះពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ លើសពីនេះទៅទៀតនោះ ផែនការគោលនេះក៏កំណត់ចង្អុលពីលទ្ធភាពក្នុងការសហការជាមួយប្រទេសខាងក្រៅជាដៃគូអាស៊ាន ដូចជា សាធារណៈរដ្ឋកូរ៉េ ដើម្បីអភិវឌ្ឍទីក្រុងឆ្លាតរបស់ខ្លួននេះដែរ ។
ក្នុងជំហានដំបូង ទីក្រុងចំនួន ២៦ ត្រូវបានគេដាក់ក្នុងគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ។ ក្នុងចំណោមទីក្រុងទាំងនោះ ទីក្រុងបីរបស់កម្ពុជារួមមានសៀមរាប បាត់ដំបង និង រាជធានីភ្នំពេញក៏ ស្ថិតក្នុងគម្រោងទីក្រុងឆ្លាតនេះដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation