ព័ត៌មានជាតិ

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ប្រកាសចុះអនុស្សារណៈជាមួយបណ្តាញផ្សព្វផ្សាយ ដើម្បីពង្រីកការផ្សព្វផ្សាយសក្តានុពលជាតិកម្ពុជាទៅឆាកអន្តរជាតិ

image

(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក ប្រកាសថា លោកនឹងរៀបចំឲ្យមានការចុះអនុស្សារណៈ MOU ជាមួយបណ្តាញផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា និងជាមួយក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀត ដើម្បីពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលជាតិ និងប្រជាជនកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

លោកប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានប្រកាសដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់លោក ដើម្បីបង្ហញពីបំណងចង់ធ្វើការរួមគ្នា ដែលលោកហៅថា «ផលិតកម្មកម្ពុជា» ដោយសហការដំបូងជាមួយបណ្តាញផ្សព្វផ្សាយ ព័ត៌មាន Swift News, Best TV និងបណ្តាញផ្សព្វផ្សាយព័ត៌មាន Fresh News និង CBS ផងដែរ។

លោក ហ៊ុយ វណ្ណៈ បានសរសេរសារនៅលើទំព័រហ្វេសប៊ុកដូច្នេះថា «ខ្ញុំនឹងស្នើឲ្យ ស.ស.ស.ក ចុះអនុស្សារណៈ MOU សហការគ្នាជាមួយបណ្តាញព័ត៌មាន និងពង្រីកទៅក្រសួងពាក់ព័ន្ធ ក្នុងគោលដៅរួមគ្នាធ្វើ «ផលិតកម្មកម្ពុជា» ដើម្បីពង្រីកការផ្សព្វផ្សាយសក្តានុពលជាតិ និងប្រជាជនយើង ទៅកាន់ឆាកអន្តរជាតិ»។
លោកបានបន្តទៀតថា «សម្បត្តិជាតិ និងមោទនភាពជាតិយើងច្រើនណាស់ ដែលអាចបង្ហាញទៅពិភពលោក។ យើងនឹងចាប់ផ្តើមដំបូងជាមួយ FRESH NEWS, SWIFT NEWS, BEST TV, CBS និងបន្តបន្ទាប់ទៀត។ ជាតិយើងត្រូវតែខ្ពង់ខ្ពស់ ហើយយើងរួមគ្នាលើកទង់ជាតិយើងឲ្យខ្ពស់ត្រដែត ទាំងនៅក្នុងប្រទេស និងនៅឆាកអន្តរជាតិ»៕


ព័ត៌មានទាក់ទង...