ព័ត៌មានជាតិ

រយៈពេល ៧ខែ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម ៦៦ម៉ឺនតោន ថយចុះ ៣៧%

image



ភ្នំពេញ៖ រយៈពេល ៧ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមចំនួន ៦៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១.០៧៧លានដុល្លារ ថយចុះក្នុងបរិមាណ ៣៧% ឬស្មើនឹង ៣៥ម៉ឺនតោន បើធៀបឆ្នាំ២០២១។ នេះបើផ្អែកតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ CNC ថា ការធ្លាក់ចុះបែបនេះ ដោយសារបញ្ហាអាកាសធាតុ បានធ្វើឱ្យទិន្នផលស្វាយចន្ទីរបស់កសិករធ្លាក់ចុះដែរ ពោលគឺមិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការរបស់ភាគីវៀតណាមបានឡើយ។ ដោយឡែក ទិន្នផលគ្រាប់ស្វាយចន្ទីក៏មិនសូវល្អ ដូច្នេះភាគីវៀតណាមក៏កាត់បន្ថយការនាំចូលផងដែរ។

លោកបានសង្កត់ធ្ងន់ថា ប្រជាកសិករ ធុញទ្រាន់នឹងការប្រែប្រួលអាកាសធាតុដែលធ្វើឲ្យគាត់ខាតបង់ជារៀងរាល់ឆ្នាំ ដែលការខាតបង់នេះ គឺអាកាសធាតុបានធ្វើឲ្យខូចគុណភាព។ ប៉ុន្តែជីថ្នាំកសិកម្មឡើងថ្លៃ ប្រេងឡើងថ្លៃ ធ្វើឲ្យគាត់កាន់តែខកចិត្ត ដែលបោះបង់ដំណាំស្វាយចន្ទី រីឯសម្រាប់ស្វាយចន្ទីវាខុសពីដំណាំផ្សេងផ្សេងទៀត ដោយហេតុថា ស្វាយ ចន្ទីគឺពឹងផ្អែកទាំងស្រុងទៅលើអាកាសធាតុ ដូច្នេះស្វាយចន្ទីជារុក្ខជាតិដែលរងគ្រោះមុនគេ។

លោក ស៊ីឡុត បានបន្ថែមទៀតថា គ្រាប់ស្វាយចន្ទីអាចលក់បានចន្លោះពី ៥.៥០០រៀល ទៅ ៧.២០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ស្របពេលដែលវានឹងកាន់តែថយទិន្នផលសម្រាប់ការផ្គត់ផ្គង់ ព្រោះមានកសិករមួយចំនួនបានបោះបង់ការដាំដុះស្វាយចន្ទី និងកាប់ដើមស្វាយចន្ទីចោល។

ជាមួយគ្នានោះដែរ ទិន្នន័យចម្ការស្វាយចន្ទីឆ្នាំ២០២១ នៅកម្ពុជាមាន ៨០ម៉ឺនហិកតាទូទាំងប្រទេស។ តែឥឡូវការប្រែប្រួលអាកាសធាតុ ដូច្នេះអ្នកនាំបានកាប់ចោលប្រមាណ ១០ម៉ឺនហិកតា ខណៈដែលមកដល់ពេលនេះ ស្វាយចន្ទីនៅសល់ប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ។

សូមបញ្ជាក់ថា កន្លងមករយៈពេល ៧ខែ ឆ្នាំ២០២១ វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាជាង ១លានតោនឯណោះ ខណៈដែលវៀតណាមជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំលំដាប់ទីមួយរបស់កម្ពុជា។ ដោយឡែក កម្ពុជាក៏បាននាំចេញគ្រាប់ស្វាយចន្ទី ទៅចិន, ជប៉ុន,ឡាវ និងអារ៉ាប់ផងដែរ៕