ព័ត៌មានអន្តរជាតិ

ចិនប្រកាសបងា្ហញសាច់ដុំយោធាមួយឈុតបន្តទៀតដើម្បីរំសាយកំហឹងទៅនឹងដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាម៉េរិកមកកាន់កោះតៃវ៉ាន់

image


ចិន៖ មន្រ្តីយោធារបស់ប្រទេសចិនបានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅថា ខ្លួននឹងបន្ដធើ្វសមយុទ្ធយោធាថ្មីៗបន្ថែមទៀតនៅក្បែរកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងវត្តមានរបស់សមាជិកសមាជិកាសភាសហរដ្ឋអាម៉េរិកចំនួន ៥រូបមកកាន់កោះមួយនេះ ខណៈដែលភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រនៅតែបន្តកើនឡើងនូវកម្តៅ ដោយសារតែដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi កាលពីចុងខែកន្លងទៅ។


ក្រុមប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិកចំនួន ៥រូប ដែលដឹកនាំដោយលោកព្រឹទ្ធសមាជិក Ed Markey បានធើ្វដំណើរមកដល់ទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យកន្លងទៅដោយមិនបានប្រកាសប្រាប់ជាមុន ដែលនេះគឺជាដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិកមួយថ្មីបន្ថែមទៀតបន្ទាប់ពីលោកស្រី Nancy Pelosi ខណៈដែលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងរដ្ឋាភិបាលក្រុងប៉េកាំងបានធ្លាក់ចុះកាន់តែខ្លាំងឡើងៗ ជុំវិញបញ្ហាដែនកោះតៃវ៉ាន់ដែលប្រទេសចិនចាត់ទុកថាជាដែនអធិបតេយ្យភាពមួយរបស់ខ្លួន។

ដើម្បីឆ្លើយតបទៅនឹងចេតនាញុះញង់របស់សហរដ្ឋអាម៉េរិក កងទ័ពរំដោះប្រជាជនចិនប្រចាំបញ្ជាការដ្ឋានភូមិភាគបូព៌ាបានប្រកាសថា ខ្លួននឹងរៀបចំធើ្វលំហាត់យោធាថ្មីៗបន្ថែមទៀត ដោយមានការចូលរួមពីកងយោធាចម្រុះដើម្បីហ្វឹកហ្វឺនសមត្ថភាពរបស់ខ្លួនសម្រាប់ត្រៀមនៅក្នុងការប្រឈមមុខដាក់គ្នាណាមួយដែលចំាបាច់ដើម្បីធានាការពារបូរណភាពនិងដែនអធិបតេយ្យភាពរបស់ខ្លួនចេញពីការរំលោភបំពានផ្សេងៗ។


សមយុទ្ធយោធាខាងលើនេះ នឹងត្រូវធើ្វឡើងនៅក្បែរកោះ Penghu ស្ថិតនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលជាកន្លែងមូលដ្ឋានទ័ពអាកាសចិនដ៏សំខាន់។ ដោយឡែកខាងក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ក៏បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញដែរថា មានយន្តហោះចម្បាំងរបស់យោធាចិនចំនួន ១៥ គ្រឿងបានហោះហើរឆ្លងបំពានចូលមកតំបន់ខ្សែបន្ទាត់ស ជាតំបន់ខណ្ឌចែកដែនកោះតៃវ៉ាន់ហើយនិងប្រទេសចិនដីគោក៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect