ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌាដាក់ចេញផែនការដឹកនាំប្រទេសដើម្បីក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅក្នុងរង្វង់ ២៥ឆ្នាំខាងមុខទៀត

image


ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក នរេន្ទ្រា មុឌី (Narendra Modi) បានថ្លែងសារទៅកាន់ពលរដ្ឋនៅក្នុងឱកាសថ្ងៃបុណ្យឯករាជ្យជាតិលើកទី ៧៥ ដោយបានសន្យាថានឹងបង្កើតច្បាប់ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុក ហើយនិងបង្កើនការពង្រឹងវិស័យការពារជាតិ រួមនិងជម្រុញការអភិវឌ្ឍបច្ចេកវិទ្យាផ្សេងៗនៅក្នុងប្រទេស ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ពេញលេញមួយនៅក្នុងរយៈ ២៥ឆ្នាំខាងមុខទៀត។


លោកបន្ដលើកឡើងថែមទៀតថា សព្វថ្ងៃនេះធនាគារពិភពលោកបានចាត់ទុកប្រទេសឥណ្ឌាថាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលមានន័យថាពលរដ្ឋម្នាក់ៗអាចរកប្រាក់ចំណូលជាមធ្យមបានចន្លោះពី ១,០៨៦ ទៅ ៤,២៥៥ដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។ បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ធំៗដូចជាសហរដ្ឋអាម៉េរិក គឺជាទូទៅពលរដ្ឋម្នាក់ៗជាមធ្យមអាចមានប្រាក់ចំណូលពី ១៣,២០៥ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។ នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះបានសន្យាថានឹងប្រឹងប្រែងដើម្បីផ្លាស់ប្ដូរមុខមាត់ប្រទេសនៅពេលអនាគត។


ប្រទេសឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេចំណាត់ថ្នាក់ទីប្រាំមួយនៅក្នុងពិភពលោក ដែលត្រូវបានគេរំពឹងថានឹងបន្តកើនឡើងប្រមាណជាង ៧% បន្ថែមទៀតនៅត្រឹមត្រីមាសដើមឆ្នាំ ២០២៣ខាងមុខ ដែលនេះគឺជាកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំៗ។
ក្រុមអ្នកជំនាញការបានប៉ាន់ស្មានថា ប្រទេសឥណ្ឌានឹងអាចក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាងគេលំដាប់ថ្នាក់ទីបីរបស់ពិភពលោកនៅឆ្នាំ ២០៥០ខាងមុខ ពោលគឺស្ថិតនៅបន្ទាប់ពីសហរដ្ឋអាម៉េរិក ហើយនិងប្រទេសចិន។

ក្រៅតែពីខាងសេដ្ឋកិច្ច អត្រាចំនួនប្រជាជននៅក្នុងប្រទេសឥណ្ឌាក៏រំពឹងថានឹងត្រូវកើនឡើងលើសអត្រាចំនួនប្រជាជនរបស់ប្រទេសចិននៅក្នុងរយៈពេលប៉ុន្នានឆ្នាំខាងមុខនេះដែរ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect