កម្ពុជាមានតម្រូវការលំនៅដ្ឋាន គិតជាមធ្យម៥ម៉ឺនលំនៅដ្ឋាន ក្នុងមួយឆ្នាំៗ ក្នុងចម្លោះឆ្នាំ២០១៥ ដល់២០៣០

ភ្នំពេញ៖ កំណើននគរូបនីយកម្ម នៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ជាក់ស្តែងចំនួនប្រជាជនក្នុងរាជធានី ក្រុង និងទីប្រជុំជន នៅឆ្នាំ២០១៤ មានចំនួន ៤,៥លាននាក់ ស្មើនឹង ២៧,១ភាគរយ នៃប្រជាជនសរុប បានកើនឡើងដល់ ៦,១៣លាននាក់ ស្មើនឹង ៣៩,៥ភាគរយ ក្នុងឆ្នាំ២០១៩។ ការនេះ ត្រូវបានគេព្យាករណ៍ថា នៅឆ្នាំ២០៣០ ប្រជាជនកម្ពុជានឹងបន្តកើនដល់ ៧,៩២លាននាក់ ស្មើនឹង៤៤ភាគរយ។ នេះបើយោងតាមការឱ្យដឹង ពីលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងផែនដី នគរូបនីយកម្ម និងសំណង់។
លោក ប៉ែន សុផល បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ដែលបង្កើតឡើងដោយកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យសេអ៊ូល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
ពាក់ព័ន្ធនឹងមានតម្រូវការសំណង់លំនៅដ្ឋាននេះ លោក ប៉ែន សុផល បានបញ្ជាក់ថា ផ្អែកតាមទិន្នន័យនេះ បង្ហាញឲ្យឃើញថា សម្រាប់រយៈពេល ១៥ឆ្នាំ(២០១៥-២០៣០) តម្រូវការលំនៅដ្ឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ម៉ឺនលំនៅដ្ឋាន ក្នុងមួយឆ្នាំ។ តាមរយៈការសម្ពោធដេប៉ាតឺម៉ង់នេះ នឹងចូលរួមលើកកម្ពស់មូលធនមនុស្ស ឲ្យមានសមត្ថភាពខ្ពស់ លើជំនាញនគរូបនីយកម្ម ការអភិវឌ្ឍន៍ដោយចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង ទាំងផ្នែករូបវ័ន្ត សេដ្ឋកិច្ច សង្គម កិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន ដំណោះស្រាយថ្មីៗ សម្រាប់បញ្ហាប្រឈមទីក្រុង រួមទាំងការគ្រប់គ្រងសំណង់រឹង និងរាវ និងការបង្ការទប់ស្កាត់គ្រោះមហន្តរាយជាដើម។
ជាមួយគ្នានេះ លោក រតន៍ សិទ្ធិ ព្រឹទ្ធបុរសមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មានឱ្យដឹងថា ដេប៉ាតឺម៉ង់ថ្មីនេះ នឹងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការធ្វើផែនការទីក្រុង ហើយដោយមានការចូលរួមចំណែកបណ្តុះបណ្តាល ពីសំណាក់សាស្ត្រាចារ្យមកពីសាធារណរដ្ឋកូរ៉េនោះ នឹងជាចំណែកមួយយ៉ាងសំខាន់ សម្រាប់ប្រទេសកម្ពុជា ក្នុងការរៀបចំផែនការទីក្រុង នាពេលអនាគត។
ចំណែកលោកសាស្ត្រាចារ្យ ស៊ូន ថាក់ស៊ូ ប្រធានសកលវិទ្យាល័យសេអ៊ូល បានឱ្យដឹងថា នៅទីក្រុងសេអ៊ូល និងសាកលវិទ្យាល័យសេអ៊ូល មានបទពិសោធន៍ច្រើនពាក់ព័ន្ធនឹងចំណេះដឹង និងបច្ចេកទេស ក្នុងការដោះស្រាយបញ្ហានៅទីក្រុង។ ក្នុងន័យនេះ លោកចង់យកបទពិសោធន៍ និងចំណេះដឹងទាំងអស់នោះ មកចែករំលែកដល់កម្ពុជា ជាពិសេសនិស្សិត ដែលជាអ្នកបន្តវេននាពេលអនាគត ក្នុងការរៀបចំរាជធានី និងទីក្រុងនានារបស់កម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ
