ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្ត៖ ផ្ទាំងទឹកកកក្រោមផ្ទៃសមុទ្រក្នុងតំបន់អង់តាក់ទិកគឺជាតម្រុយអំពីលក្ខណៈរបស់ភព (Europa)ជាភពរណបមួយរបស់ភពព្រហស្បតិ៍

image


អឌ្ឍគោលខាងជើង៖ ការរកឃើញវត្តមានផ្ទាំងទឹកកកអណ្តែតទៅលើផ្ទៃទឹកសមុទ្រនៅក្នុងទ្វីបអង់តាក់ទិក ធើ្វឱ្យក្រុមអ្នកវិទ្យាសាស្រ្តអាចវាយតម្លៃអំពីលក្ខណៈបរិយាកាសនិងសណ្ឋានដីរបស់កូនភព Europa ដែលជាភពរណបមួយក្នុងចំណោមភពរណបជាង ៧០ ដែលមានគន្លងគោចរជុំវិញភពព្រហស្បតិ៍ ជាភពទឹកកកដ៏ធំមួយគ្រប់ដណ្ដប់ទៅដោយផ្ទាំងទឹកកកនៅលើផ្ទៃមហាសមុទ្រដ៏ធំល្វើងល្វើយ។ ការសិក្សាស្រាវជ្រាវមួយកាលពីពេលថ្មីៗពិតជាបានស្រាយចម្ងល់មួយនេះ ដោយបានបង្ហញថាសណ្ឋានដីដែលគ្របដណ្ដប់ទៅដោយផ្ទាំងទឹកទៅលើភព Europa គឺបានកកើតឡើងស្រដៀងគ្នាទៅនិងស្រទាប់ផ្ទាំងទឹកកកនៅក្នុងទ្វីបអង់តាក់ទិករបស់ផែនដីនេះដែរ។


បន្ថែមលើសពីនេះទៅទៀតក្រុមអ្នកវិទ្យសាស្រ្តបាននិយាយថា ផ្ទាំងទឹកកកដែលស្ថិតនៅលើភព (Europa) គឺមានសភាពសុទ្ធជាងទឹកកកដែលមាននៅក្នុងភពផែនដី និងមានសារធាតុអំបិលតិចជាងផងដែរអាចនិងជួយឱ្យប្រព័ន្ធរ៉ាដាស្កែនអាចទំលុះចូលជ្រៅទៅផ្ទៃខាងក្នុងរបស់វាបាន។ ហើយនេះគឺជាព័ត៌មានសំខាន់មួយសម្រាប់អ្នកវិទ្យាសាស្ត្រនៅក្នុងការបំពេញបេសកកម្មរុករកយានអវកាស (Europa Clipper) របស់អង្គការ NASA ក្នុងពេលខាងមុខ ដែលអាចនឹងប្រើប្រាស់ប្រព័ន្ធរ៉ាដាដើម្បីស្កែនពិនិត្យមើលលក្ខណៈសណ្ឋានដី និងលក្ខខណ្ឌធម្មជាតិរបស់ពិភពបាតសមុទ្រដែលស្ថិតនៅខាងក្រោមសំបកផ្ទាំងទឹកកករបស់ Europa ដែលអាចនិងធើ្វការផ្កត់ផ្គង់ភាវៈរស់មានជីវិតឱ្យកកើតឡើងបាន។


ការសិក្សាខាងលើនេះត្រូវបានដឹកនាំដោយក្រុមអ្នកជំនាញការមួយនៅឯសាកលវិទ្យាល័យ Austin ក្នុងរដ្ឋ Texas និងជាអ្នកដឹកនាំការអភិវឌ្ឍឧបករណ៍ប្រព័ន្ធរ៉ាដាស្កែនដែលឈ្មោះថា (Europa Clipper) សម្រាប់ធ្វើការសិក្សាស្រាវជ្រាវលើភពមួយនេះផងដែរ។ ក្រុមអ្នកជំនាញខាងលើនេះក៏បានលើកឡើងឱ្យដឹងដែរថា ការយល់ដឹងអំពីលក្ខណៈទឹកកករបស់ភព Europa ក៏និងអាចឱ្យយើងធើ្វការកំណត់ពីកម្រិតអំបិលនៅក្នុងផ្ទៃសមុទ្រក្រោមផ្ទាំងទឹកកកទាំងនោះបានផងដែរ ហើយកម្រិតអំបិលនេះទៀតសោត គឺជាលក្ខខណ្ឌមួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់មីក្រូសរីរាង្គ(អតិសុខុមភាវៈរស់)មានជីវិតឱ្យកកើតឡើង ជាមូលដ្ឋានគ្រឹះដំបូងគេក្នុងការវិវត្តឆ្ពោះទៅរកជាភាវៈជីវិតិន្ទ្រីយ៍ធំៗផ្សេងទៀត៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ SicTechDaily