សង្គម

សម្ដេចក្រឡាហោម ស ខេង ប្រាប់មន្ត្រីនគរបាលកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំធ្វើខ្នងបង្អែកគ្រឿងញៀន ប៉ុន្តែត្រូវបង្ក្រាបឱ្យមានប្រសិទ្ធភាព

image


សៀមរាប៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ទោះជាសមត្ថកិច្ចធ្វើការបង្ក្រាបខ្លាំងយ៉ាងណាដោយ រួមទាំងការរឹបអូសសារធាតុផ្សំគ្រឿងញៀនរាប់រយតោនក្តី ប៉ុន្តែបទល្មើសនេះនៅតែមាន និងបានរីកសាយដល់តំបន់ជនបទ។ ដូចនេះ ដើម្បីឱ្យការបង្ក្រាបគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព និងសង្គមកម្ពុជាមានស្ថិរភាព គណៈបញ្ជាការឯកភាពខេត្ត ស្រុក មន្ត្រីនគរបាលពាក់ព័ន្ធទាំងអស់ រួមនឹងប្រជាពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ទន្ទឹមនេះ សម្តេចក៏បានប្រាប់ទៅសមត្ថកិច្ចទាំងអស់ថា កុំពាក់ព័ន្ធ កុំប្រើប្រាស់គ្រឿងញៀន កុំចែកចាយគ្រឿងញៀន កុំអន្តរាគមន៍ កុំធ្វើខ្នងបង្អែក កុំគប់គិត កុំរារាំងការអនុវត្តច្បាប់ និងកុំលើកលែង សម្រាប់បទល្មើសគ្រឿងញៀន។

ក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពី សារៈសំខាន់នៃការការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការអនុវត្តសាកល្បងការអនុវត្តទោសក្រៅពន្ធនាគារ និងការធ្វើកំណែទម្រង់ប៉ុស្តិ៍នគរបាលរដ្ឋបាល ពិសេសការរំលែកក្របខ័ណ្ឌមន្ត្រីមកឲ្យអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់។ ក្រៅពីនេះក៏បានណែនាំដល់រដ្ឋបាល ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បន្តផ្ដល់ការគាំទ្រដល់កម្លាំងប្រជាការពារដែលជាកម្លាំងរួមចំណែកពង្រឹងការងារសន្តិសុខនៅតាមមូលដ្ឋានដ៏សំខាន់ជាមួយនឹងប៉ុស្តិ៍រដ្ឋបាល៕

អត្ថបទ៖ ជា ស្រស់