ប្រេសិតពិសេស អ.ស.ប គ្រោងនឹងមកបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ខណៈដែលស្ថានការណ៍វិបត្តិកាន់តែធ្ងន់ធ្ងរឡើងៗ

មីយ៉ាន់ម៉ា៖ មន្ត្រីជាន់ខ្ពស់របស់ស្ថាប័ន អ.ស.ប នឹងមកបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការប្រកាសរបស់មន្រ្តីអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទកន្លងទៅ។ វាជាដំណើរទស្សនកិច្ចដ៏កម្រមួយ ធើ្វឡើងចំពេលដែលស្ថានភាពវិបត្តិនយោបាយនៅក្នុងប្រទេសមួយនេះកំពុងតែមានភាពចលាចលខ្លាំងឡើងពាក់ព័ន្ធទៅនឹងការបន្ដធើ្វទុក្ខបុកម្នេញមកលើក្រុមសកម្មជនប្រជាធិបតេយ្យ បូករួមទំាងការអនុវត្តគោលនយោបាយមិនច្បាសលាស់របស់សមាគមន៍អាស៊ានដែលដើរតួជាដៃគូសម្របសម្រួលដ៏សំខាន់នៅក្នុងតំបន់នេះផងដែរ។
វិបត្តិនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមរង្គោះរង្គើរឡើងវិញចាប់តាំងពីក្រុមរដ្ឋាភិបាលយោធារបស់លោកមីងអ៊ុងឡាំងបានធើ្វរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកស្រីអង់សានស៊ូជី ជាអតីតម្ចាស់ជ័យលាភីណូបែលសន្ដិភាពកាលពីខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ ជាហេតុនាំឱ្យមានការប្រឆាំងតវ៉ានឹងការបង្ក្រាបយ៉ាងដ៏ឃោរឃៅបង្ហូរឈាមកើតឡើងជាបន្តបន្ទាប់ ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Noeleen Heyzer ជាប្រេសិតតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិមកកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលនេះ ធើ្វឡើងបន្ទាប់ពីមានការជួបពិភាក្សាគ្នាអស់រយៈពេលជាច្រើនលើកច្រើនសាររួចមកជាមួយនឹងដៃគូសម្របសម្រួលដែលពាក់ព័ន្ធ ព្រមទំាងជាមួយនឹងភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់ផងដែរ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ស្ថាប័ន អ.ស.ប ដែលបានចេញផ្សាយកាលពីចន្ទ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ ស្ថាប័ន អ.ស.ប ក៏បានធើ្វការរំលឹកអំពីការអំពាវនាវរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិឱ្យភាគីជម្លោះទាំងសងខាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវតែបញ្ចប់រាល់អំពើហិង្សាផ្សេងៗ និងត្រូវអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ចូលទៅដល់ទីកន្លែងដែលមានពលរដ្ឋរងគ្រោះដោយគ្មានការរាំងស្ទះ។
បញ្ហាទាំងនេះគឺជាក្តីបារម្ភដ៏ធំបំផុតមួយដែលនឹងត្រូវយកមកធើ្វការពិភាក្សានៅក្នុងដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅពេលខាងមុខនេះ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters
