ព័ត៌មានអន្តរជាតិ

ទន្លេយុំាងហ្ស៊ឺ (Yangtze) ប្រទេសចិនកាន់តែហួតហែងដោយសារតែរលកកម្តៅ និងគ្រោះរាំងស្ងួត បង្កការគំរាមកំហែងដល់ដំណាំពលរដ្ឋដែលអាស្រ័យផលពីទន្លេ

image

ចិន៖ តំបន់នានាដែលពឹងផ្អែកលើទន្លេ Yangtze  (ជាទន្លេដែលវែងជាងគេរបស់ប្រទេសចិន) ត្រូវបានពលរដ្ឋដាក់បន្ថែមម៉ាស៊ីនបូមទឹក និងបានបង្កើតនូវពពកសិប្បនិម្មិត បន្ទាប់ពីគ្រោះរាំងស្ងួតបានបន្តអូសបន្លាយក្នុងរយៈពេលវែង បានធ្វើឱ្យកម្រិតទឹកទន្លេចាប់ផ្តើមស្រកចុះ បង្កការគំរាមកំហែងដល់ដំណាំ ខណៈរលកកំដៅនឹងបន្តកើតឡើងក្នុងពេលពីរសប្តាហ៍ខាងមុខទៀត។

ទីភ្នាក់ងារកាសែត Guangming Daily គាំទ្រដោយគណៈអភិបាលក្រុងសៀងហៃ បានរាយការណ៍ថា រាល់ដំណាំដែលនឹងប្រមូលផលនៅរដូវស្លឹកឈើជ្រុះនេះ គឺស្ថិតនៅក្រោមការគំរាមកំហែងខ្លាំងពីការកើនឡើងរលកកម្តៅលើសពី ៤០អង្សាសេ ។ ដោយសារតែបញ្ហានេះហើយ ទើបក្រសួងកសិកម្ម ចាត់តាំងក្រុមមនុស្សចំនួន ២៥ក្រុម ទៅកាន់តំបន់សំខាន់ៗ ដើម្បីចាត់វិធានការណ៍ទៅលើការការពារផលដំណាំ។ អ្នកជំនាញមកពីមជ្ឈមណ្ឌលអាកាសធាតុជាតិរបស់ប្រទេសចិន បានបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារកាសែតឈ្មោះវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប្រចំាថ្ងៃថា រលកកម្តៅទំនងជានឹងបន្តអូសបន្លាយនៅរយៈពេលពីរសប្តាហ៍ទៀត ហើយសីតុណ្ហភាពក្តៅដែលយូរបែបនេះ មិនធ្លាប់មានតាំងតែពីឆ្នាំ ១៩៦១ មកម្លេះ។ បរិមាណទឹកភ្លៀងធ្លាក់មានភាពថមថយចន្លោះ ៣០% ទៅ ៦០% ទាបជាងកំណត់ត្រាប្រវត្តិសាស្ត្រនៃកម្រិតទឹកភ្លៀងដែលធ្លាក់ក្នុងតំបន់ទន្លេនេះ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍បន្ថែមទៀតថា អ្នកភូមិដែលធ្លាប់តែពឹងផ្អែកលើប្រភពទឹកដែលមាននៅក្នុងទន្លេ ក៏បានបង្ខំចិត្តដាក់បន្ថែមម៉ាស៊ីនបូមទឹកដើម្បីនំាយកទឹកទៅស្រោចស្រពស្រែ និងដំណាំ។

តាមបណ្តាទីប្រជុំជនក្នុងភាគនិរតីនៃទីក្រុង Chongqing មានការផលិតកាំជ្រួចប្រមាណជា ៩០០ដើម សម្រាប់ធ្វើជាពពកបង្កើតភ្លៀងសិប្បនិម្មិតស្រោចស្រពដំណាំ។ ទិន្នន័យផ្លូវការមួយផ្សេងទៀត ក៏បានបង្ហាញឱ្យដឹងដែរថា ជាធម្មតា ប្រទេសចិនតែបញ្ចេញទឹកពីអាងស្តុកទឹកចេញពីទំនប់ទប់ទឹកដ៏ធំមហិមាទំាងបីរបស់ខ្លួន ដើម្បីបំពេញបន្ថែមទឹកនៅក្នុងទន្លេ Yangtze ប៉ុន្តែទោះជាយ៉ាងណាក្តី នៅឆ្នាំនេះ ទឹកមានទំហំតិចជាងឆ្នាំមុនពាក់កណ្តាលឯណោះ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters