អភិបាលខេត្តកែប ជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមបំពេញភារកិច្ចឲ្យល្អ ដើម្បីឆ្លើយតបការផ្តល់ទំនុកចិត្តពីរាជរដ្ឋាភិបាល

អត្ថបទ៖ ង៉ុង សាន់
កែប៖ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទីពីរ ២០២១-២០៣០ ដោយផ្តល់ការយកចិត្តទុកដាក់ លើការប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ ភាពធន ព្រមទាំងមានសមត្ថភាព សិទ្ធិអំណាច មុខងារ និងធនធានកាន់តែសមស្រប ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។
ដូចនេះដើម្បីឆ្លើយតបនឹងការផ្តល់នូវទំនុកចិត្តពីសំណាក់រាជរដ្ឋាភិបាល អភិបាលខេត្តកែប បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោម ខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឲ្យប្រជាពលរដ្ឋទូទៅទទួលបានសេវាសាធារណៈល្អ និងផលប្រយោជន៍ពីការអភិវឌ្ឍ ប្រកបដោយសមធម៌សង្គម និងបរិយាប័ន្ន។
លោក សោម ពិសិដ្ឋ បានលើកឡើងបន្តនៅក្នុង វគ្គបណ្តុះបណ្តាលតម្រង់ទិស ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលទើបជាប់ឆ្នោត លើកការងារគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះថា រាជរដ្ឋាភិបាលបានចាត់ទុក ការកែទម្រង់អភិបាលកិច្ច ជាកិច្ចការដ៏មានសារៈសំខាន់ ប្រកបដោយនិរន្តភាព ដោយបាននឹងកំពុងធ្វើទំនើបកម្មប្រព័ន្ធ អភិបាលកិច្ច ដែលមានកម្មវិធីកំណែទម្រង់ជាច្រើនដូចជា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។
លោកបន្តថា តាមរយៈវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃនេះ ក្នុងគោលបំណង ពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាបឆ្នោតថ្មី អាណត្តិទី៥ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ច ស្របតាមគោលការណ៍ណែនាំ និងយល់ដឹងអំពីរបៀបរបបការងារ។
ជាមួយគ្នានេះលោក បានជំរុញដល់សិក្ខាកាមដែលជាក្រុមប្រឹក្សាទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីជាចំណេះដឹង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព៕
