ព័ត៌មានជាតិ

ពលរដ្ឋខេត្តកំពតជាង ១៥០គ្រួសារ បន្តដាំក្រូចថ្លុងបន្សល់ពីដូនតា ដែលអះអាងថាមានឱជារសឆ្ងាញ់

image

កំពត៖ ប្រជាពលរដ្ឋជាង ១៥០គ្រួសារ នៅឃុំស្ទឹងកែវ ស្រុកទឹកឈូ បានដាំក្រូចថ្លុងជាលក្ខណៈចម្ការ និងដាំនៅជុំវិញផ្ទះ ដែលការដាំនេះតាំងពីដូនតាមកម្ល៉េះ។ ពួកគាត់បានបញ្ជាក់ថា ក្រូចថ្លុងឃុំស្ទឹងកែវ មានពីរប្រភេទគឺ តុស៊ូ និងតុតៅ ដែលមានរសជាតិឆ្ងាញ់ មិនល្វីងមិនហាង រីឯការដាំមិនប្រើប្រាស់ជីគីមីទេ។ បច្ចុប្បន្នត្រូវបានឈ្មួញចូលទៅទិញម៉ៅដល់ចម្ការ ដើម្បីយកទៅលក់បន្តតាមបណ្តាខេត្ត-ក្រុង និងរាជធានីភ្នំពេញ។

លោកយាយ អ៊ូន កសិករដាំក្រូចថ្លុង រស់នៅក្នុងភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ក្រុមគ្រួសារលោកយាយបានដាំក្រូចថ្លុងជាច្រើនឆ្នាំមកហើយ នៅលើផ្ទៃដីប្រមាណជិតពីរហិកតា។ ចំពោះពូជរបស់ក្រូចថ្លុងមិនបានទិញពីគេយកមកដាំនោះទេ ដោយផ្សាំមែកដាំដោយខ្លួនឯងបន្តិចម្តងៗ។ ក្រូចថ្លុងផ្លែមួយឆ្នាំ ២ដង បន្តបន្ទាប់គ្នា ចាប់ពីដើមវាមានអាយុ ៣ឆ្នាំ។ នៅពេលប្រមូលផល ឈ្មួញបានចូលទៅម៉ៅទិញដល់ចម្ការតែម្តង។ ចំពោះចម្ការលោកយាយ នៅពេលប្រមូលផលម្តងឈ្មួញម៉ៅឱ្យតម្លៃប្រមាណជាង ១០លានរៀល។ លោកយាយអះអាងថា វាមានឱជារសឆ្ងាញ់ អាចរក្សាទុកបានយូរហូតដល់ទៅ១០ថ្ងៃ ដោយសារតែការដាំតាមបែបធម្មជាតិ មិនប្រើប្រាស់ជីគីមី។

ពាក់ព័ន្ធនឹងដំណាំក្រូចថ្លុងនេះ លោក ឡេង សារី មេឃុំស្ទឹងកែវ បានឱ្យដឹងដែរថា នៅទូទាំងឃុំរបស់លោក មានប្រជាពលរដ្ឋជាង ១៥០គ្រួសារ បានបន្តដាំក្រូចថ្លុងជាលក្ខណៈជាចម្ការ និងដាំនៅជុំវិញផ្ទះ។ តាមការសង្កេតពិនិត្យ និងសួរនាំពីពលរដ្ឋ ក្រូចថ្លុងឃុំស្ទឹងកែវ មានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ហើយមានការចូលចិត្តទទួលទានច្រើនជាងក្រូចថ្លុងនៅតំនប់ផ្សេងៗ។ ចំណែកឯការដាំក្រូចថ្លុងរបស់ពលរដ្ឋ មិនប្រើប្រាស់ជីគីមីនោះទេ ដែលបច្ចុប្បន្នគេសង្កេតឃើញថា ឈ្មួញបានចុះមកទិញយកទៅលក់បន្តនៅទូទាំង ២៥រាជធានី-ខេត្ត។

ប្រជាកសិករនៅឃុំស្ទឹងកែវ ក៏បានស្នើដល់មន្ត្រីជំនាញឱ្យជួយចុះពិនិត្យ និងផ្តល់នូវវគ្គបណ្តុះបណ្តាលបន្ថែមអំពីការថែទាំ និងការកម្ចាត់សត្វល្អិត ដែលតែងតែធ្វើឱ្យប៉ះពាល់ដល់ទិន្នផលផ្លែក្រូចថ្លុងជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ វង្ស សុធារម្យ