អាជ្ញាធររាជធានីភ្នំពេញ ជំរុញឱ្យអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ បន្តចលនាប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក ហួត ហៃ បានជំរុញឱ្យអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ធ្វើយ៉ាងណាបន្តចលនាប្រជាពលរដ្ឋឱ្យពួកគាត់ទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានលឿន និងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកម្រេីកឡើងវិញ។ ការជំរុញដូចនេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
លោក ហួត ហៃ បានលេីកឡើងថា ជំងឺកូវីដ-១៩ រាត្បាតដែលមានលក្ខណៈកាចសាហាវ ដោយនៅរាជធានីភ្នំពេញ។ ជំងឺនេះបានសម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំង ប៉ុន្តែដោយសារឥទ្ធិពលនៃការវ៉ាក់សាំងទើបមិនធ្វើឱ្យមនុស្សស្លាប់ច្រើននោះទេ។ ដូច្នេះលោកជំរុញឱ្យអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ធ្វើយ៉ាងបន្តចលនាប្រជាពលរដ្ឋឱ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ឱ្យបានលឿន និងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកម្រេីកឡើងវិញ។ ទន្ទឹមនេះអភិបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់ ជាមួយនឹងការដាក់ផែនការចាក់វ៉ាក់សាំងទៅដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀន និងដល់តាមរោងចក្រផងដែរ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅរាជធានីភ្នំពេញ ជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ទៅទីតាំងទាំង៤១ ដែលបានរៀបចំ។ តែសម្រាប់ពេលនេះ ការទៅទទួលការចាក់វ៉ាក់សាំងមានការថយចុះ ទោះមានការផ្សព្វផ្សាយ និងរហូតដល់ក្រុមការងារស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ ដល់វត្តអារាមក៏ដោយ ដែលកិច្ចការងារនេះត្រូវរួមគ្នាធ្វើយ៉ាងណាជំរុញឱ្យពួកគាត់ស្ម័ក្រចិត្តទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា៕
ដោយ៖ គន្ធ តារាវិឆ័យ
