ស្នងការនគរបាលរាជធាភ្នំពេញ ចាត់តាំងមន្ត្រីជិត៥០រូប ដើម្បីពិនិត្យតាមដាន អ្នកស្ទាក់ចាប់ពលរដ្ឋបែបអនាធិបតេយ្យ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានចេញសេចក្ដីសម្រេច ដោយបានចាត់តាំងមន្ត្រីរហូតដល់ ៤៨រូប ស្មើនឹង៩ក្រុម ដើម្បីដឹកនាំ ទប់ស្កាត់ និងបង្ក្រាបក្រុមអ្នកធ្វេីសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ។
ក្នុងសេចក្ដីសម្រេចនោះ បានបញ្ជាក់ថា មន្ត្រីទាំង៩ក្រុម ជាសេនាធិការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ មានភារកិច្ចជាសេនាធិការជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលើការងារចុះត្រួតពិនិត្យរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ ទប់ស្កាត់ និងបង្រ្កាបជនធ្វើសកម្មភាពចាប់ឃាត់មនុស្សអនាធិបតេយ្យក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្រុមប្រតិបត្តិការនីមួយៗត្រូវបែងចែកកម្លាំងដើម្បីទទួលខុសត្រូវ ២៤ម៉ោងលើ២៤ម៉ោង កសាងផែនការសកម្មភាព និងប្រតិទិនការងារកំណត់តំបន់ស្មុគស្មាញតំបន់ប្រឈមតំបន់កើតមានហេតុការណ៍ញឹកញាប់ ដើម្បីឲ្យការងារទប់ស្កាត់និងបង្ក្រាបធានាបានប្រសិទ្ធភាព។
ក្រុមការងារនេះ ពេលចេញប្រតិបត្តិការ កម្លាំងទាំងអស់ត្រូវធ្វើការជាក្រុម ត្រូវស្លៀកពាក់ឯកសណ្ឋានឈុតប្រយុទ្ធពាក់សញ្ញាសម្គាល់ និងគ្រឿងបន្ទាប់បន្សំរបស់នគរបាលឱ្យបានសព្វគ្រប់ មានអាវុធគ្រប់ដៃ និងរៀបចំខ្លួនឱ្យស័ក្កិសមជាសមត្ថកិច្ចដែលមានតួនាទីជាអ្នកអនុវត្តច្បាប់។ នៅពេលទទួលបានព័ត៌មានតាមប្រព័ន្ធទាក់ទងទំនាក់ទំនង ឬប្រភពផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋនៅចំណុចណាមួយដោយក្រុមមិនស្គាល់អត្តសញ្ញាណ ក្រុមប្រតិបត្តិការទាំងអស់ត្រូវទំនាក់ទំនងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងចេញធ្វើសកម្មភាពបង្ក្រាបដោយមិនលើកលែង។
ពេលពិនិត្យឃើញជាក់ស្ដែងមានការចាប់ខ្លួនមនុស្សនៅលើដងផ្លូវ កម្លាំងប្រតិបត្តិការត្រូវអនុវត្តវិធានការ ត្រូវម្ចាស់ការធានាបានរៀបចំក្នុងការគ្រប់គ្រងស្ថានភាពកន្លែងកើតហេតុ, ពិភាក្សាដោយសម្របសម្រួលដើម្បីស្វែងរកអត្តសញ្ញាណអន្តភាព និងអ្នកទទួលខុសត្រូវ, ទំនាក់ទំនងទៅក្រុមប្រតិបត្តិការដែលនៅជិតបំផុត ដើម្បីបញ្ជូនកម្លាំងជំនួយមកគ្រប់គ្រងស្ថានការណ៍, អនុវត្តវិធានការដោយចាប់បង្ខំនាំយកអ្នកពាក់ព័ន្ធទាំងអស់មកអង្គភាពដើម្បីអនុវត្តនីតិវិធីស្រាវជ្រាវ និងស៊ើបអង្កេត។
ក្នុងអំឡុងពេលប្រតិបត្តិការ និងបង្ក្រាបនៅចំណុចណាមួយប្រធានក្រុមប្រតិបត្តិការណ៍នីមួយៗ ត្រូវរាយការណ៍បន្ទាន់អំពីស្ថានភាពកម្លាំងហេតុការណ៍ បញ្ហាប្រឈមដំណោះស្រាយជូនបញ្ជាការដឹកនាំដើម្បីឱ្យមានមូលដ្ឋានរាយការណ៍ និងសុំយោបល់ដឹកនាំបន្ត។ ប៉ុន្តែត្រូវបញ្ចៀសឱ្យបានក្នុងកម្រិតខ្ពស់ចំពោះការប្រើប្រាស់អាវុធធ្វើជាដំណោះស្រាយជាមួយបញ្ហា។ ក្នុងលក្ខខណ្ឌដើម្បីការពារពីការគំរាមកំហែង ត្រូវប្រើប្រាស់ឱ្យសមស្របតាមវិជ្ជាជីវៈ និងមានការគិតគូរពីហានិភ័យដល់ប្រជាពលរដ្ឋដែលនៅជិតទីកន្លែងនោះ។
ចំពោះក្រុមប្រតិបត្តិការនីមួយៗ ត្រូវធ្វើរបាយការណ៍ ការរាយការណ៍ប្រចាំថ្ងៃពីសកម្មភាពដែលជាកិច្ចប្រតិបត្តិការ
បញ្ហាប្រឈម និងសំណូមពរជូនបញ្ជាការដឹកនាំ។ បញ្ជាការដឹកនាំត្រូវបូកសរុបរបាយការណ៍ពីក្រុមប្រតិបត្តិការទាំងអស់រាយការណ៍ជូនថ្នាក់ដឹកនាំ ដោយមានការចង្អុលដឹកនាំបន្ត។
សូមរំឭកថា កាលពីព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលជាខ្លាំងនៅចំណុចមុខប៉ុស្តិ៍ទួលសង្កែទី១ ដោយស្ត្រីម្នាក់ត្រូវជាម្តាយជនរងគ្រោះ ដែលត្រូវជនសុីវិលមួយក្រុមចាប់ខ្លួន។ ក្នុងករណីនេះមានប្រជាពលរដ្ឋជាច្រើនបានមកប្រមូលផ្ដុំគ្នានៅចំណុចមុខប៉ុស្តិ៍ទួលសង្កែទី១ ដោយស្រែយំអង្វសមត្ថកិច្ចឱ្យជួយរកកូនប្រុសរបស់ខ្លួនដែលត្រូវបានកម្លាំងស៊ីវិលមួយក្រុម ដោយដឹងថា ជាកម្លាំងបង្រ្កាបគ្រឿងញៀនបានឃាត់ខ្លួនយកទៅបាត់។
ក្នុងករណីដូចគ្នានេះ កន្លងមកមានសកម្មភាពចាប់មនុស្សនៅតាមទីសាធារណៈជាញឹកញាប់ ដោយក្រុមស្លៀកពាក់ស៊ីវិលនេះ ទើបលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចដោយចាត់តាំងមន្ត្រីរហូត ៤៨រូប ស្មើនឹង៩ក្រុម ដើម្បីដឹកនាំទប់ស្កាត់ និងបង្ក្រាបក្រុមអ្នកធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យដូចនេះ៕
ដោយ៖ ឌីយ៉ាម៉ង់
