សម្តេចតេជោ នឹងអញ្ជើញបិទមហាសន្និបាតលើកទី៤ របស់ស.ស.យ.ក
| ព័ត៌មានជាតិ
SHARE

នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចប៊ុនរ៉ានីហ៊ុនសែន នឹងអញ្ជើញជាអធិបតីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក។

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ នៃសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រារព្ធឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី២៦,២៧ខែវិច្ឆិកាឆ្នាំ២០១៨។ សម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធី បើកមហាសន្និបាតលើកទី៤របស់សហ ភាពសហព័ន្ធយុវជនកម្ពុជា (ស.ស. យ.ក) នៅឯសណ្ឋាគារសុខា។

នាឱកាសនោះដែរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តនិងផ្តាំផ្ញើយុវជនកម្ពុជានូវ២ចំណុចសំខាន់គឺ៖
ទី១- ចូលរួមឲ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍ ប្រទេសជាតិមាតុភូមិកម្ពុជាយើង ឲ្យក្លាយជាប្រទេសរីកចម្រើនក្នុងតំបន់ជាសង្គមប្រកបដោយ អារ្យធម៌ និងសេចក្តីស្រឡាញ់គ្មានការកើត ឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ។
ទី២- យុវជនម្នាក់ៗ ត្រូវខិតខំរៀនសូត្រលត់ដំខ្លួនក្នុងចលនារបស់ប្រជាជន មហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត ដែលមានស្មារតីស្នេហា ជាតិបរិសុទ្ធ មានសមត្ថភាព មានគុណភាព និងមានឆន្ទៈមោះមុត ក្នុងការថែរក្សា ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី ឲ្យបានរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំង អស់។
ទន្ទឹមនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏ថ្លែងកោតសរសើរស្នាដៃសមិទ្ធផលការងារនានាដែល សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេសសម្រេចបានគួរជាទីមោទននិងក្តីសង្ឃឹមខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន។

ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា (ស.ស. យ.ក) ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ ដែលស្របនឹងខួបទី៤០ឆ្នាំរបស់ខ្លួន នៃការប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ មហាសន្និបាតនេះ ផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២–២០១៨ និងទិសដៅការងារឆ្នាំ២០១៨–២០២៣ ព្រមទាំងការបោះឆ្នោតជ្រើស តាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជា។

សូមជំរាបថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុតដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិប តេយ្យ និងវឌ្ឍនភាពសង្គម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation