សម្តេចតេជោ ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ១២ នៅខេត្តកណ្តាល
| ព័ត៌មានជាតិ
SHARE

​កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បាន​អញ្ជើញបន្តជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបចំនួន១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅក្នុងខេត្តកណ្តាល។

មានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាល​ ដែលធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ, ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ​នេះ ត្រូវបានវិនិយោគ ដោយ​វិនិយោគិន មកពីប្រទេសចិន ចំនួន១០ និងកម្ពុជាចំនួន២។

ឯកឧត្តមបន្តថា រោងចក្រទាំងនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន១, ផលិតបាតស្បែកជើងចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២, ផលិតដែកសំណង់ចំនួន១ និងផលិតបារីចំនួន២។​ ផលិតផលផលិត ដែលផលិតបាន ​ត្រូវបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។​

គួរជម្រាបថា បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករនិយោជិត ជាង១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួល សរុបប្រមាណ៣៧២លានដុល្លារ។ ​

​ សូមជម្រាបដែរថា គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមសរុបចំនួន៥៩លើកហើយ ដែលមានអ្នកចូលរួមសរុប ជាង៨៤ម៉ឺននាក់​។ ដោយឡែក សម្រាប់ខេត្តកណ្តាល នេះគឺជាពិធីសំណេះសំណាល​៨លើកហើយ របស់សម្តេចតេជោ ជាមួយក្រុមកម្មករ៕ អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation