សម្តេចតេជោ រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ​ កើនឡើងដល់ប្រមាណ៦លាននាក់ នៅឆ្នាំ២០១៨នេះ
| ព័ត៌មានជាតិ
SHARE

​កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានមានប្រសាសន៍ ដោយបង្ហាញក្តីរំពឹងថា ភ្ញៀវទេសចរអន្តរជាតិ នឹងមានការកើនឡើងដល់ ប្រមាណ៦លាននាក់ នៅក្នុងឆ្នាំ២០១៨នេះ។ តាមរយៈក្តីរំពឹងនេះ, សម្តេចបានលើកឡើងថា នេះគឺជាចំនួនកើនឡើងដ៏ខ្ពស់មួយ។

សម្តេចបានបន្ថែមថា ស្របទៅនឹងកំណើនភ្ញៀវទេសចរ និងការដឹកជញ្ជូនតាមផ្លូវអាកាសនេះ, ក្រុមហ៊ុនវ៉ាងស៊ី របស់បារាំង បានបង្ហាញការគាំទ្រទាំងស្រុង ក្នុងការកសាងអាកាសយាន្តដ្ឋានថ្មី សម្រាប់ទាំងរាជធានីភ្នំពេញផង និងសម្រាប់ខេត្តសៀមរាបផងដែរ ដើម្បីឆ្លើយតបនឹង កំណើនភ្ញៀវទេសចរដ៏ខ្ពស់ បន្ទាប់ពីឆ្នាំ២០២៥ខាងមុខ។

មានប្រសាសន៍លើកឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកម្មករ-កម្មការិនី ជិត១ម៉ឺន៨ពាន់នាក់ នៅខេត្តកណ្តាល, សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ទាំងនេះគឺបានមកពីកត្តាសន្តិភាព។ ក្នុងន័យនេះ សម្តេចបានអំពាវនាវឲ្យ ក្រុមកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស រួមគ្នាថែរក្សាសន្តិភាព។ សម្តេចពោលថា ទាំងអស់គ្នាដើម្បីសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា។

សូមជម្រាបថា ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧ ​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា​ ​ទេសចរ​អន្តរ​ជាតិ​សរុប​មាន​ចំនួន​ជាង​៥,៦លាន​នាក់ ​មក​ទស្សនា​កម្ពុជា ​កើន​ឡើង​១១,៨​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។ នៅ​ក្នុង​នោះ គេ​កត់​សម្គាល់​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន បាន​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ជាក់​ស្តែង នៅ​ក្នុង​ឆ្នាំ២០១៧ ភ្ញៀវ​ទេសចរ​ចិន​ បាន​ឈរ​នៅ​លំដាប់​ឈាន​មុខ​គេ​ ដែល​មាន​រហូត​ដល់​ជាង​១,២​លាន​នាក់​ កើន​ឡើង៤៥,៩​ភាគ​រយ ​ធៀប​នឹង​​ឆ្នាំ​២០១៦ ​ដែល​មាន​តែ​ជាង​៨៣​ម៉ឺន​នាក់​ប៉ុណ្ណោះ។​ ដោយ​ឡែក ភ្ញៀវ​ទេសចរ​វៀត​ណាម​ ឈរ​នៅ​លំដាប់​ទីពី​រ ​ដែល​មាន​ជាង​៨៣ម៉ឺន​នាក់​ ខណៈ​ទេសចរ​មក​ពី​ប្រទេស​ឡាវ​ ឈរ​នៅ​លេខ​រៀង​ទីបី ​ដែល​មាន​ជាង​៥០ម៉ឺន​នាក់​៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation