ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការលើកដំបូង ទៅកាន់ប្រទេសនេប៉ាល់ 

image

នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ខាត់ហ្កា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធ ប្រជាធិបតេយ្យនេប៉ាល់, សម្ដេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅ​នេប៉ាល់ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ​ ឆ្នាំ២០១៨។

  គណៈប្រតិភូជាន់ខ្ពស់ អមដំណើរសម្តេចតេជោ នាពេលនេះ ​រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

  បើតាមប្រសាសន៍ឯកឧត្តម ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹង នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថា ​នេះគឺជាដំណើរទស្សនៈកិច្ចផ្លូវការលើកដំបូង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសនេប៉ាល់ ចាប់តាំងពីប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៩។

  នៅក្នុងឱកាសអញ្ជើញបំពេញដំណើរទស្សនៈកិច្ចនេះ​ សម្ដេចតេជោ​ នឹងជួបសំដែងការគួរសម ជាមួយលោកជំទាវ ប៊ីធយ៉ា ដេវីបានដេវី ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ហើយនឹងជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ខាត់ហ្គាប្រាសាត សាម៉ាអូលីនាយករដ្ឋមន្រ្តីនេប៉ាល់។ បន្ទាប់មក ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ​ចំនួន៣។

  សូមជម្រាបថា ​ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅនេប៉ាល់ សម្ដេចតេជោ​ នឹងអញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទ នៃកិច្ចប្រជុំកំពូល «ការដោះស្រាយបញ្ហា ប្រឈមសំខាន់សំខាន់ នៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល»។

  ​បើតាមការគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់មកមាតុភូមិវិញ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ៕