ព្រះមហាក្សត្រ ផ្ញើរសារលើកទឹកចិត្តដល់ជនពិការ ក្នុងទិវាជនមានពិការភាព
| ព័ត៌មានជាតិ
SHARE

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តគាំទ្រដល់សកម្មភាពនានា របស់ជនមានពិការភាព ដើម្បីពង្រឹងភាពជាម្ចាស់ការឱ្យបានរឹងមាំ ក្នុងទិសដៅសម្រេចបាននូវការលើកកម្ពស់ និងការពារសិទ្ធិរបស់ជនមានពិការភាព។

យោងតាមព្រះរាជសារ របស់ព្រះករុណា ព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានក្នុងឱកាសប្រារព្ធទិវាជន មានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៣៦ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ថា “ខ្ញុំព្រះករុណា ខ្ញុំមានហឬទ័យរីករាយ សូមចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ លើកកម្ពស់សិទ្ធិមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលធ្វើសកម្មភាពលើវិស័យមានពិការភាព”។

ព្រះអង្គបញ្ជាក់ថា ការរៀបចំទិវាជនមានពិការភាពនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានគោលដៅលើកទឹកចិត្តដល់ជនមានពិការភាពកម្ពុជាគ្រប់ៗរូប ដោយពុំមានការរើសអើង ប្រកាន់ពណ៌សម្បុរ វណ្ណៈ ឬ និន្នាការនយោបាយ។ ព្រះអង្គបានបន្ដថា ព្រឹត្តិការណ៍នេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញ អំពីភាពស្មើសិទ្ធិរវាងជនមានពិការភាព និងពុំមានពិការភាពក្នុងការលៈទេសៈ ដែលព្រះរាជា ណាចក្រកម្ពុជាយើងកំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ ធ្វើឱ្យការជួបជុំរបស់បងប្អូនជនមានពិការភាពមានលក្ខណៈសប្បាយរីករាយ។ ក្នុងព្រះរាជសាររបស់ព្រះអង្គ ក៏បានបន្តទៀតថា “ខ្ញុំមានហឬទ័យសប្បាយរីករាយ ដោយបានឃើញនូវការវិវត្តន៍ថ្មីៗ តាមរយៈសកម្មភាពជាច្រើននៅក្នុងស្ថាប័នរដ្ឋ និងឯកជន ដូចជាការផ្ដល់របបគោលនយោបាយ សម្ភារ បរិក្ខារ មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីស្ដារលទ្ធភាពពលកម្មកាយសម្បទា និងបញ្ញាសម្បទា សំដៅឱ្យជនពិការភាពទទួលសេវាសង្គមគ្រប់ផ្នែក និងអាចចូលរួមសកម្មភាពសង្គមគ្រប់វិស័យ រួមទាំងវិស័យនយោបាយផងដែរ ទៅតាមសមត្ថភាព ស្របតាមការអភិវឌ្ឍនៃប្រទេសជាតិនាពេលបច្ចុប្បន្ន”។

លើសពីនេះទៀត ព្រះអង្គក៏បានកោតសរសើរចំពោះជោគជ័យរបស់កីឡាករ កីឡាការិនី និងអត្តពលិកជនមានពិការភាព គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលទទួលបានមេដាយពីការប្រកួតប្រជែងលក្ខណៈអន្តរជាតិ។
ព្រះអង្គក៏បានបន្ថែមថា “ក្មួយៗជនមានពិការភាព ក៏មានសមត្ថភាព អាចប្រកួតប្រជែងដណ្ដើមយកពានរង្វាន់កម្រិតអាស៊ី ប៉ាស៊ីហ្វិកផ្នែកព័ត៌មានវិទ្យាទៀតផង។ សមិទ្ធផលធំៗទាំង នេះ បានសបញ្ជាក់ឱ្យឃើញអំពីសមត្ថភាព និងទេពកោសល្យរបស់បងប្អូនជនមានពិការភាពកម្ពុជារបស់យើង ដែលមានជំនាញគួរឱ្យកោតសរសើរ។” ជាមួយគ្នានេះដែរ ព្រះអង្គក៏បានលើកទឹកចិត្តបន្ថែមទៀតដល់បងប្អូនជនមានពិការភាពរបស់យើង ឱ្យខិតខំប្រឹងប្រែងបន្ត សកម្មភាពដ៏ប្រពៃថ្លៃថ្លានេះបន្តទៀត។

នៅក្នុងព្រះរាជសារ ព្រះអង្គក៏ថ្លែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្ដល់នូវក្ដីអាណិតស្រឡាញ់ សន្ដោសប្រណីចំពោះជនមានពិការភាព ដែលជួបទុក្ខលំបាកនាពេលកន្លងមក។ ព្រះអង្គក៏បានអរគុណចំពោះសហគមន៍ជាតិ និងអន្តរជាតិ ដែលមានទឹកចិត្តសប្បុរស ដោយបានផ្ដល់ការគាំទ្រទាំងផ្នែកស្មារតី សម្ភារ និងថវិការដ៏ច្រើន ដើម្បីជួយឱ្យវិស័យពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគ ជ័យ។ ជាមួយនឹងការយកចិត្តទុកដាក់ និងជំនួយទាំងនេះ គឺពិតជាបានផ្ដល់លទ្ធភាពដល់ជនមានពិការភាពកម្ពុជា ក្នុងការកសាងសមត្ថភាព និងមានលទ្ធភាពចូលរួមចំណែកក្នុងកិច្ចការសង្គម បង្ហាញនូវឆន្ទៈ និងសកម្មភាពរបស់ខ្លួនទាំងនៅក្នុងប្រទេស ថ្នាក់តំបន់ និងលើឆាកអន្តរជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation