សង្គម

រដ្ឋបាលខេត្តសៀមរាបប្រកាសនិរាករណ៍ លិខិតដែលស្នើសុំឲ្យអាជ្ញាធរជាតិអប្សរាផ្អាក ការរុះរើសំណង់របស់ពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជូនដំណឹងថារដ្ឋបាលខេត្តសៀមរាប បានសម្រេចលុបចោល លិខិតរបស់ខ្លួន ដែលបានចេញស្នើសុំឲ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះអាសន្ននូវសកម្មភាព រុះរើសំណង់និងការ្យផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរនោះវិញហើយ។

ការសម្រេចនិរាករណ៍នេះ បន្ទាប់ពីពិនិត្យឃើញថាលិខិតស្នើសុំនោះ បានធ្វើឲ្យមានការកើនឡើងនៃ សំណង់ខុសច្បាប់យ៉ាងច្រើន បណ្ដាលឲ្យប៉ះពាល់ដល់រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារបេតិកភណ្ឌ។

ក្នុងលិខិតនោះ ក៏បានស្ដីបន្ទោសថាកន្លងមកបញ្ហាសំណង់ដែលប្រជាពលរដ្ឋបានសាងសង់ក្នុងតំបន់១ និងតំបន់ ២ នៃតំបន់រមណីយដ្ឋានអង្គរ តែងដាក់ពិភាក្សាក្នុងគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួល ការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យពិភាក្សា និងសម្រេចផ្សេងៗ ប៉ុន្តែក្នុងអំឡុងមុនពេល និង ក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ នេះ អាជ្ញាធរជាតិអប្សរាបាន ចុះអនុវត្តការងារដោយពុំបានពិភាក្សាគ្នាឲ្យច្បាស់លាស់ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួល ការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរាទេ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ លោកជា សុផារ៉ា ធ្លាប់បានបញ្ជាក់ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែងក្បាលដីកំណត់និយាមក្បាលដី អត្តសញ្ញាណអ្នកកាន់ កាប់ក្បាលដីនិងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ខែកក្កដាកន្លងទៅថាក្នុងរយៈពេល ២ខែចុងក្រោយ នៃឆ្នាំ២០២២នេះ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាប បានចេញលិខិតជូនដំណឹងមួយស្នើឲ្យអាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើសំណង់ខុសច្បាប់ នៅក្នុងតំបន់អង្គរនោះ គឺមានសំណង់ថ្មីៗចំនួនជាង ៣៩០ករណី បានកើនឡើង ដែលលោកក៏ណែនាំដល់រដ្ឋបាលខេត្តសៀមរាប គួរតែនិរាករណ៍លិខិតនោះចោលចេញ៕