លោកស្រីអគ្គនាយិកាអង្គការយូណេស្កូ ចាប់អារម្មណ៏ខ្លាំងលើមរតកវប្បធម៌អរូបីក្នុងរមណីយដ្ឋានអង្គរ
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ ឆ្លៀតក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាបរយៈពេល២ថ្ងៃ ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួម ជាអធិបតីក្នុងពិធីបើកជាផ្លូវការខួបលើកទី ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងកិច្ចប្រជុំ បច្ចេកទេសលើកទី៣១ កិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី-អង្គរ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានធ្វើទស្សនកិច្ចតាមការដ្ឋានជួសជុលតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដោយមានការអមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីមួយចំនួននៃអង្គការយូណេស្កូ។

អាជ្ញាធរជាតិអប្សាបញ្ជាក់ថា ក្រៅពីការទស្សនានៅតាមប្រាង្គប្រាសាទហើយនោះ លោកជំទាវអគ្គនាយិកា និងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរាក៏បានពិភាក្សា ពន្យល់ ទៅលើការងារគ្រប់គ្រង ការអភិរក្សទូទៅ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងឱកាសអញ្ជើញទស្សនកិច្ចរមណីយដ្ឋានអង្គរ លោកជំទាវ Audrey AZOULAY បានបង្ហាញចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ ដែលមកទស្សនាតំបន់អង្គរ ពិសេសគឺមរតកវប្បធម៌អរូបី ដោយបានស្វែងយល់ពីប្រពៃណី ,ទំនៀមទម្លាប់,ការធ្វើបុណ្យ ការគោរពបូជាព្រះដោយការដោះស្បែកជើងពេលដើរលើប្រាសាទ។ លោកជំទាវអគ្គនាយិកា យូណេស្កូ បានសង្កត់ធ្ងន់ យ៉ាងដូច្នេះថា «ចំពោះភ្ញៀវទេសចរខ្មែរមិនមែនមកទស្សនាតែប្រាសាទទេ គឺមកដើម្បីបាន គោរពបូជាព្រះ ដូច្នេះអង្គរមិនស្លាប់ទេ គឺនៅតែមានការគោរពបូជាយ៉ាងខ្ជប់ខ្ជួនពីប្រជាជនខ្មែរ!»។

បើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សារាបានឱ្យដឹងដែរថា កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ម្សិលមិញ លោកជំទាវអគ្គនាយិកា យូណេស្កូ ក៏បានអញ្ជើញស្វែងយល់ពីការជួសជុលនៅការដ្ឋានមួយចំនួនក្នុងប្រាសាទអង្គរវត្តដូចជា ការដ្ឋានសាកល វិទ្យាល័យសូហ្វីយ៉ា របស់ប្រទេសជប៉ុន និងការដ្ឋានគម្រោងអភរិក្សអាល្លឺម៉ង់-អប្សរា (GACP) ប្រទេសអាល្លីម៉ង់ ពិសេស គម្រោងអភិរក្ស ជួសជុលរបស់អាជ្ញាធរជាតិអប្សរានៅអង្គរវត្ត។ ដោយឡែក នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ បានអញ្ចើញពិនិត្យការដ្ឋានជប៉ុន-អប្សរា (JASA) នៅប្រាសាទបាយ័ន្ត ការដ្ឋានរបស់ប្រទេសឥណ្ឌា (ASI) នៅប្រាសាទតាព្រហ្ម និងចុះពិនិត្យការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរានៅប្រាសាទនាគព័ន្ធជាដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation