រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម៖ តម្រូវការទឹកស្អាតនៅកម្ពុជានឹងកើនដល់ ១លានគូបក្នុងមួយថ្ងៃ គិតត្រឹមឆ្នាំ ២០៣០
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា តម្រូវការទឹកស្អាតនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដោយការរំពឹងទុក នៅឆ្នាំ ២០៣០ តម្រូវការទឹកស្អាតនឹងកើនដល់ ១លានគូបក្នុងមួយថ្ងៃ។

ការលើកឡើងពីតម្រូវទឹកស្អាតនឹងកើនឡើងនៅកម្ពុជានេះ ធ្វើឡើងនេះ ស្របពេល ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ចូលរួមក្នុងពិធី ចុះអនុស្សារណៈយោគយល់រវាងក្រុមហ៊ុន ហ្រ្កាន់ហ្វូស ( Grundfos ) ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទឹកស្អាតនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា តម្រូវការទឹកស្អាតនឹងមានការកើនឡើងដល់ ០,8 លានម៉ែត្រគូបក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៥ ហើយវានឹងកើនដល់ ១ លានម៉ែត្រគូប ក្នុងឆ្នាំ២០៣០ ដែលវាចាំបាច់អោយស្ថាប័នផ្គត់ផ្គង់ទឹកស្អាត ពង្រឹងលទ្ធភាពផ្គត់ផ្គង់អោយមានប្រសិទ្ធភាព។ ឯកឧត្តមបន្តថា ការចុះអនុស្សារណៈយោគយល់គ្នានាព្រឹកនេះ នឹងជួយបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងមានគុណភាព ដោយក្រុមហ៊ុន មានបច្ចេកវិទ្យាខ្ពស់និងដំណោះស្រាយដោយនវានុវត្តន៍។

ទាក់ទងនឹងការចុះអនុស្សារណៈក្នុងការលើកកម្ពស់ទឹកស្អាតនេះ ក្រុមហ៊ុន ហ្រ្កាន់ហ្វូស ក៏បានដាក់ចេញគម្រោងសាកល្បងមួយ ក្នុងខេត្ត តាកែវផងដែរ ដោយប្រើប្រាស់តាមវិធីសាស្រ្ត “ ចែកចាយតាមកម្រិតតម្រូវការ”។ នេះជាប្រព័ន្ធចែកចាយទឹកស្អាតដ៏ឆ្លាតវៃ ដែលកែសម្រួលលំហូរទឹកដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់ឧបករណ៍តាមដានសំពាធនៅក្នុងបណ្តាញពីចម្ងាយ ហើយវាបានជួយកាត់បន្ថយសម្ពាធទឹកលើសលប់នៅក្នុងបំពង់ទុយោទឹក។ ធ្វើដូច្នេះ ជួយកាត់បន្ថយការលេចធ្លាយទុយោទឹក និងការបាត់បង់ទឹក ដែលនាំឲ្យកាត់បន្ថយការចំណាយ និងថាមពល។ ការប្រើប្រាស់ជាតិគីមី ក៏ត្រូវបានកាត់បន្ថយបានច្រើនដែរ ព្រោះនឹងមានការកត់ត្រាទិន្នន័យព័ត៌មានបានកាន់តែច្បាស់លាស់ច្រើនជាងមុនដើម្បីធានាដល់ការប្រើប្រាស់ថ្នាំឲ្យមានភាពកំរិតត្រឹមត្រូវ ដែលកត្តាទាំងនេះ នឹងជួយកាត់បន្ថយការចំណាយទៅតាមនោះដែរ។

យុទ្ធសាស្ត្រនៃការអនុវត្តដំណោះស្រាយបែបនវានុវត្តន៍ ព្រមជាមួយនឹងគំរូអាជីវកម្មថ្មីរបស់ក្រុមហ៊ុន បានជួយរោងចក្រសន្សំថាមពលបានជាង ២៧០.០០០ គីឡូវ៉ាត់ម៉ោង ហើយសន្សំទឹកបានប្រហែល ២០០.០០០ ម៉ែត្រគូប ក្នុងមួយឆ្នាំ៕ អត្ថបទ៖ អ៊ុន ផាន់ណាត់

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation