ការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជា នៅតែបន្តកើនឡើងជារយៈពេលជាង២០ឆ្នាំកន្លងមក
| ព័ត៌មានជាតិ
SHARE

ទោះបីជាបរិមាណការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំក៏ដោយ ក៏ប៉ុន្តែភាគរយនៃការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជាគឺនៅតែបន្តកើនឡើងជាបន្តបន្ទាប់ដែលមានន័យថា ភាគរយនៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចកម្ពុជាគឺបានធ្លាក់ចុះ។

នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបាន និងកំពុងជំរុញអោយមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនជាងមុន តែជាក់ស្តែងគឺនៅមិនទាន់អាចធ្វើបាននៅឡើយទេ។ យោងតាមរបាយការណ៏ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា កំរិតនៃការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជាបានកើនឡើងពីកំរិត៣៦%នៅឆ្នាំ១៩៩៣ដល់កំរិត៧០%នៅឆ្នាំ២០០៣ និងបន្តកើនឡើងដល់កំរិត៨០% ចាប់ពីឆ្នាំ២០១៣មកដល់បច្ចុប្បន្ននេះ។

មិនតែប៉ុណ្ណោះ ទាំងអ្នកជំនាញសេដ្ឋកិច្ច ទាំងរបាយការរបស់ធនាគារជាតិនៃកម្ពុជាសុទ្ធតែបានអះអាងពីផលល្អ និងផលអាក្រក់ដល់ដំណើរការសេដ្ឋកិច្ចដែលកើតចេញពីកំរិតខ្ពស់នៃដុល្លារូបនីយកម្មនៅកម្ពុជា។ ដុល្លារូបនីយកម្មបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងជំនឿទុកចិត្តសាធារណជននៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៏ប្រទេស។ ដុល្លារូបនីយកម្មក៏បានបង្កើនភាពស៊ីជំរៅផ្នែកហិរញ្ញវត្ថុ និងអន្តរការិយកម្មហិរញ្ញវត្ថុជាលំដាប់។

ទន្ទឹមនឹងនេះដែរ ដុល្លារូបនីយកម្មក៏នាំមកនូវការខាតបង់ប្រាក់ចំណូលដែលទទួលបានពីការបោះពុម្ពរូបិយវត្ថុជាតិ និងដាក់កំហិតលើតួនាទីជាអ្នកអោយខ្ចីចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា។ លើសពីនេះទៅទៀត ការប្រើប្រាស់ប្រាក់ដុល្លារបានធ្វើអោយរាំងស្ទះដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអាចបង្កជាហានិភ័យចំពោះស្ថេរភាពហិរញ្ញវត្ថុជាពិសេសគឺហានិភ័យសន្ទនីយភាពផងដែរ។
តែទោះជាយ៉ាងណា កំណើនសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាជាង២០ឆ្នាំមកនេះក៏បានជំរុញអោយមានកំណើននៃបរិមាណការប្រើប្រាស់ប្រាក់រៀលផងដែរគ្រាន់តែកំណើននេះវាទាបជាងប្រាក់ដុល្លារ។ យោងតាមរបាយការណ៏ធនាគារជាតិនៃកម្ពុជារយៈពេលជាង២ទសវត្សរ៏ចុងក្រោយនេះ ប្រាក់រៀលខ្មែរចរាចរណ៏ក្នុងសេដ្ឋកិច្ចបានកើនឡើងជាមធ្យមក្នុងកំរិត១៧% និង២៤%រៀងគ្នាក្នុង១ឆ្នាំៗ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation