
សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចាកចេញពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងដំណើរបន្តបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម

បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកនៃទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួមមក នៅរសៀលថ្ងៃទី៦ធ្នូនេះ សម្តេចអគញគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងដំណើរបន្តអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងហាណូយ សាធារណ រដ្ឋសង្គមនិយមវៀតណាម សម្រាប់រយៈពេល៣ថ្ងៃបន្តទៀត គឺពីថ្ងៃទី៦ដល់ថ្ងៃទី៨ធ្នូ។
នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាត់តៃ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បូសេងខាំ វង់ដារ៉ា(Bosengkham Vongdara) រដ្ឋមន្រ្តីក្រសួង ព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ឯកឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ របស់រដ្ឋាភិបាលឡាវ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាច្រើនរូប។
បន្ទាប់ពីបានធ្វើដំណើរប្រមាណ១ម៉ោងនិង១០នាទី យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ 001 បានធ្វើការចុះចតប្រកបដោយសុវត្ថិភាព នៅអាកាសយាន ដ្ឋានអន្តរជាតិណូយបៃ ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីវេលាម៉ោង១៦និង២០នាទី ក្រោមវត្តមាននៃការអញ្ជើញបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាល ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនរូប។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងចាប់ផ្តើមបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ នៅព្រឹកថ្ងៃទី៧ធ្នូ។ វៀតណាមគឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ជ្រើសរើសសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីសម្តេចតេជោ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា កាលពីដើមខែកញ្ញាកន្លងទៅថ្មីៗនេះ៕
