
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការរៀបចំធ្វើផែនការប្រើប្រាស់ដីធ្លី ឃុំ សង្កាត់ ឆ្នាំ២០១៨

សិក្ខាសាលានាថ្ងៃនេះគឺ ក្នុងគោលបំណងផ្សព្វផ្សាយអំពីដំណើរការរៀបចំផែនការប្រើប្រាស់ដី នៅក្នុងឃុំ សង្កាត់ ឲ្យបានត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជាអតិបរិមាដល់សង្គមជាតិ ហើយស្របតាមគោលការណ៍ច្បាប់កន្លងមកបានរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងដីធ្លីដោយផ្តោតសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រងការលុបបំបាត់ភាពអនាធិ បតេយ្យក្នុងការកាន់កាប់ដីរបស់រដ្ឋ នេះជាប្រសាសន៍របស់លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីការរៀបចំធ្វើផែនការប្រើប្រាស់ដីធ្លី ឃុំ សង្កាត់ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ខ័ណ្ឌ ចំណាន ដោយមានការចូលរួមពី អង្គការដៃគូរអភិឌ្ឍទូទាំងខេត្ត និងលោក លោកស្រីមន្ទីរ អង្គភាព ក្រុង ស្រុក មេឃុំ មេភូមិជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ ។
លោកបណ្ឌិត កៅ ម៉ាឌីឡែន បានបន្តទៀតថាមន្ទីរបានធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធ័ក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី សំដៅកាត់បន្ថយទំនាស់ដីធ្លី និងធានាសុវត្ថិភាពក្នុងការកាន់កាប់ដី បន្តដោះស្រាយវិវាទដីធ្លីក្រៅប្រពន្ធ័តុលាការ ដោយសហការជាមួយក្រុមការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជាមួយគ្នានេះ លោក ហម ចាន់ដេត តំណាងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF)កម្ពុជា បានថ្លែងថា អង្គការទទួលស្គាល់ពីសារៈសំខាន់នៃការរៀបចំផែនការប្រើប្រាស់ដីធ្លី ឃុំ សង្កាត់ និងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈគម្រោង "ការគាំទ្រជីវភាពរស់នៅ និងការអភិរក្សក្នុងតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ" ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលប្រទេស ប៊ែល ហ្សិក បាននឹងកំពុងសកម្មភាពគម្រោងសំខាន់ៗរួមមាន: ១,ការរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំ ចំនួន២ គឺ ឃុំអូរគ្រៀង ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ។ ២,ការបង្កើតសហគមន៍ព្រៃឈើចំនួន៨កន្លែង និងលើកកម្ពស់សហគមន៍នៅក្នុងខេត្ត។ ៣,គាំទ្រលើការបង្កើតជម្រើសមុខរបរផ្សេងៗ ដល់សហគមន៍ នៅក្នុងតំបន់គោលដៅគម្រោង។ ៤,គាំទ្រលើការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច ។ ៥,និងការគ្រប់គ្រងតំបន់ការពារ និងអនុវត្តច្បាប់។
នាពេលនោះដែរ មន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងតំណាងអង្គការWWF បានឡើងធ្វើបទបង្ហាញស្ដីពី លទ្ធផលការងារដែលមន្ទីរបានសហការជាមួយ អង្គការWWFកន្លងមក និងការធ្វើបច្ចុប្បន្នពីការប្រើប្រាស់ដីរួចមក
ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពស់ឯកឧត្តមអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា សិក្ខាសាលានេះគឺជាឱកាសសម្រាប់អោយយើងទាំងអស់ទទួលបាននូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ គឺត្រូវបានគ្រប់គ្រងថែរក្សាការពារសមស្របតាមបែបបទបរិស្ថាន និងប្រកបដោយចីរភាព ដើម្បីជួយដល់ការកាត់បន្ថយទំនាស់ និងភាពក្រីក្រនៅកម្ពុជា។
ឯកឧត្តម បន្តថាការរៀបចំផែនការប្រើប្រាស់ដីធ្លីនេះ គឺផ្អែកលើគោលការណ៍នៃភាពជាម្ចាស់របស់មូលដ្ឋាន ព្រមទាំងការត្រួតពិនិត្យដំណើរការធ្វើផែនការដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាមន្ទីររៀបចំដែនដីខេត្ត រួមទាំងក្រុមការងារអន្តរក្រសួងស្តីពីការចូលរួមធ្វើផែនការប្រើប្រាស់ដីធ្លីដូចដែលបានចែងក្នុងគោលការណែនាំ។ នាពេលបច្ចុប្បនេះ មន្ទីររៀបចំដែនដីខេត្តក្រចេះ បាននឹងកំពុងរៀបចំដំណើរការនៃការរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំចំនួនពីររួមមាន៖ ឃុំជ្រោយបន្ទាយ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ និងឃុំអូរគ្រៀង ក្នុងស្រុកសំបូរ ខេត្តក្រចេះក្រោមជំនួយថវិការបស់រដ្ឋាភិបាល ប៊ែល ហ្សិក តាមរយៈ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ថា អង្គការ WWF-កម្ពុជា ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានក្រើនរំលឹកថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ វិស័យដីធ្លីរបស់ប្រទេសកម្ពុជាយើង ក៏ដូចជាវិស័យផ្សេងៗទៀតដែរ ត្រូវបានកសាង និងស្តារឡើងវិញ ជាពិសេសក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ វិស័យដីធ្លីត្រូវបានផ្លាស់ប្តូរជាវិជ្ជមាន និងមានដំណើរការរីកចម្រើនបន្តិចម្តងៗជាបន្តបន្ទាប់ ។
ទាំងអស់នេះហើយ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន ព្រមទាំងកែលម្អសេវាសាធារណៈផ្តល់ជូនប្រជាជនអោយមានភាពកាន់តែល្អប្រសើរឡើង និងស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នៃរដ្ឋសភា ជាមួយនឹងក្តីសោមនស្សរីករាយ ចំពោះសមិទ្ធផលគ្រប់វិស័យដែលសម្រេចបានក្នុងឆ្នាំ២០១៨ នេះ៕
