ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចុះMou ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ ជាមួយមូលនិធិ GX របស់ចិន ដើម្បីជួយព្យាបាលជំងឺភ្នែកដល់ប្រជាជននៅខេត្តព្រៃវែង

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា Mou ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ រវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយមូលនិធិ GX តំណាងដោយលោក លឿង ជុង យីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានមូនិធិ GX ដែលបានអញ្ជើញបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២២ នៅកម្ពុជា និងមានការចូលរួមពីលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងលុបបំបាត់ភាព ពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០១៩ ប៉ុន្តែត្រូវ បានពន្យារពេលអនុវត្ត ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក។ គម្រោងនេះ រួមមាន ១) ការផ្ដល់គ្លីនិកចល័តសម្រាប់វះកាត់ភ្នែកឡើងបាយ ដោយមានបំពាក់សម្ភារៈបរិក្ខារវះកាត់ភ្នែកចំនួន ២គ្រឿង រថយន្តសម្រាប់ដឹកអ្នកជំងឺទំហំ៣៥កៅអី ចំនួន១គ្រឿង ២) បញ្ចូនគ្រូពេទ្យឯកទេសចក្ខុរោគ ទៅបណ្តុះបណ្តាលបន្ថែមនៅប្រទេសចិន ៣) ក្រុមគ្រូពេទ្យចិននឹងសហការជាមួយគ្រូពេទ្យកម្ពុជាដែលបាន ទទួលការបណ្តុះបណ្តាល ផ្ដល់សេវាវះកាត់ភ្នែកឡើងបាយឬបញ្ហាភ្នែកផ្សេងៗនៅខេត្តព្រៃវែងដោយឥតគិត ថ្លៃផងដែរ។
លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងទី២ហើយ ដោយគម្រោងទី១ ត្រូវបានអនុវត្ត ដោយជោគជ័យ នៅខេត្តកំពង់ចាមនាឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងមូលនិធិអាស៊ីសម្រាប់បង្ការភាពពិការភ្នែក ឧបត្ថម្ភដោយមជ្ឈមណ្ឌលខ្សែក្រវ៉ាត់និងផ្លូវ នៃទីក្រុងហុងកុង ដោយបានវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាជនដោយឥតគិតថ្លៃ បានជាង ៦.០០០នាក់ ហើយពួកគាត់អាចបន្តជីវិត រស់នៅដោយភាពសប្បាយរីករាយ។
លោករដ្ឋមន្ត្រី បានរំលេចថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជានិងពិភពលោកទាំងមូល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ មូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់ជំនួយជាឧបករណ៍បរិក្ខារ វេជ្ជសាស្ត្រ ជូនរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ១) ម៉ាស៊ីនអុកស៊ីហ្សែន ចំនួន៣០០គ្រឿង ២) ម៉ាស់វះកាត់ ចំនួន ១.០០០.០០០ម៉ាស់ ៣) អាវបំពង់ ចំនួន ៣០.០០០អាវ ៤) ស្រោមដៃ ចំនួន ១៦០.០០០គូ ៥) វ៉ែនតាសុវត្ថិភាពចំនួន ១០.០០០ និង ៦) របាំងមុខ ចំនួន ១០.០០០ ។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន ផ្តល់ជំនួយជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជាជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ការផ្តល់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងក្រុមវេជ្ជសាស្ត្រ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងសេវាសុខាភិបាល ជាពិសេសក្នុងការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែសម្របសម្រួល ក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសុខាភិបាល ព្រមទាំង ឯកឧត្តម លឿង ជុន យីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX ព្រមទាំង សហការីទាំងអស់ និងមូលនិធិ GX ដែលតែងតែជួយឧបត្ថម្ភក្រសួងសុខាភិបាល៕
ដោយ៖ គង់ វណ្ណៈ