កីឡា

ក្លិបទាំងអស់នៅ EPL យល់ស្របលើច្បាប់ថ្មីដែលដាក់បម្រាមលើអ្នកគាំទ្រដោយស្វ័យប្រវត្តិ

image



អ្នកគាំទ្រ ដែលមានអាកប្បកិរិយាមិនសមរម្យ ឬប្រព្រឹត្តទង្វើនៅទីលានដែលត្រូវបានចាប់ទុកជាបទឧក្រិដ្ឋនៅក្នុងក្របខណ្ឌ Premier League ឥឡូវនេះនឹងត្រូវប្រឈមមុខនឹងបម្រាមដោយមិនអាចចូលទស្សនាយ៉ាងហោចណាស់មួយឆ្នាំ។

ក្លិបនៅ Premier League បានយល់ព្រមដាក់បម្រាមដោយស្វ័យប្រវត្តិក្នុងខែកក្កដា ក្នុងគោលបំណងដោះស្រាយបញ្ហាអាកប្បកិរិយារបស់អ្នកគាំទ្រ។ ការហាមប្រាមនឹងចូលជាធរមានភ្លាមៗ ហើយអនុវត្តចំពោះការប្រកួតក្នុង និងក្រៅដី។

ពួកគេ នឹងអនុវត្តចំពោះ "អ្នកគាំទ្រ ដែលលួចយកចូល ឬធ្វើសកម្មភាពបាញ់កាំជ្រួច ឬគប់គ្រាប់បែកផ្សែង ឬចូលទីលានដោយគ្មានការអនុញ្ញាត"។

សេចក្តីថ្លែងការណ៍ពី Premier League បន្ទាប់ពីកិច្ចប្រជុំ បានឱ្យដឹងថា៖ "ក្លិបនានាបានយល់ព្រមជាឯកច្ឆន្ទដើម្បីអនុវត្តបម្រាមរយៈពេល 1 ឆ្នាំ សម្រាប់អ្នកគាំទ្រដែលមានអាកប្បកិរិយាប្រឆាំងនឹងសង្គម និងឧក្រិដ្ឋកម្មនៅកីឡដ្ឋាន ក្នុងការប្រកួតលីគ"។ "ការហាមឃាត់ទាំងនេះក៏អាចធ្លាក់ទៅលើឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារដែលចូលរួមក្នុងសកម្មភាពបែបនេះផងដែរ។"

អ្នកចាំទី Robin Olsen របស់ក្រុម Aston Villa ត្រូវបានគេវាយប្រហារដោយអ្នកគាំទ្រ ក្នុងការប្រកួតជាមួយក្រុម Manchester City នៅថ្ងៃចុងក្រោយនៃរដូវកាលមុន ខណៈដែលអ្នកគាំទ្រ Nottingham Forest ត្រូវបានជាប់ពន្ធនាគារពីបទវាយក្បាលប្រធានក្រុម Sheffield United កីឡាករ Billy Sharp ។

សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ក៏បានសម្រេចដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងសម្រាប់ក្លិបផងដែរ។ ក្លិបនានា ត្រូវពង្រឹងការស៊ើបអង្កេតស្វែងរកបុគ្គលប្រព្រឹត្តទង្វើមិនសមរម្យ និងបង្កើនការប្រើប្រាស់សត្វឆ្កែហិតរករបស់របរដែលហាមឃាត់ ដោយធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលុបវីដេអូដែលបង្កើតដោយអ្នកគាំទ្រដែលបង្ហាញពីអាកប្បកិរិយាខុសច្បាប់៕