សេដ្ឋកិច្ច

ADB រក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅត្រឹម ៥,៣% សម្រាប់ឆ្នាំ ២០២២ ប៉ុន្តែទម្លាក់ការព្យាករណ៍ឆ្នាំ ២០២៣ មកត្រឹម ៦,២% ពី ៦,៥%

image


ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅត្រឹម ៥,៣% ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានទម្លាក់ការព្យាករណ៍ឆ្នាំ ២០២៣ មកនៅត្រឹម ៦,២% ពី ៦,៥% ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកចុះខ្សោយ។

យោងតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០២២ របស់ធនាគារ ADB ដែលបានចេញផ្សាយនៅថ្ងៃទី ២១ខែកញ្ញានេះ ទិន្នផលផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំ ដោយបានកត់ត្រាកំណើន ៣៩,៨% នៅឆមាសទីមួយឆ្នាំ ២០២២នេះ បើទោះបីជាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបមានការធ្លាក់ចុះក៏ដោយ។

ខណៈវិស័យផលិតកម្មមិនមែនកាត់ដេរបានបន្តសន្ទុះកំណើនខ្លាំងរបស់ខ្លួន។ ចំណែកសំណង់ បានងើបឡើងវិញជាបន្តបន្ទាប់ ដោយការនាំចូលសម្ភារសំណង់កើនឡើង ២២,៨%។ ទិន្នផលឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៩,១% នៅឆ្នាំនេះ មុនពេលមានកម្រិតមធ្យមមកត្រឹម ៨,៦% នៅឆ្នាំ ២០២៣ ដោយសារតម្រូវការខាងក្រៅខ្សោយ។

លោកស្រី Jyotsana Varma នាយកធនាគារ ADB ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនៃការនាំចេញផលិតផលផលិតរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗនៅក្នុងវិស័យសំណង់ និងសេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២២ ទោះបីជាមានការធ្លាក់ចុះនៃកំណើនកសិកម្មដែលបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងជី និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។

លោកស្រីបានបញ្ជាក់ថា អន្តរាគមន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាល ដូចជាកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃទំនិញលើពិភពលោកលើជនក្រីក្រ។

ទន្ទឹមនឹងនេះ របាយការណ៍ដដែល ក៏បានកែប្រែការព្យាករណ៍អតិផរណាឆ្នាំ២០២២ របស់កម្ពុជាមកត្រឹម ៥% ពីការព្យាករណ៍ ៤,៧% ក្នុងខែមេសា ដោយសារឥទ្ធិពលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំ ២០២៣ ត្រូវបានរក្សាទុកនៅ ២,២%ដដែល៕