ព័ត៌មានជាតិ

ចៅក្រមសាលាក្តីខ្មែរក្រហម សម្រេចកាត់ទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងបិទផ្លូវតវ៉ា

image


ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្តីខ្មែរក្រហម) បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខលើសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងសាលដីកានោះ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយកាត់ទោសជនជាប់ចោទឈ្មោះ ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងបិទផ្លូវតវ៉ា។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានឱ្យដឹងថា សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះ ជាការបិទបញ្ចប់សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០០២ទាំងមូល ក្រោយពេលដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន រហូតដល់ការជំនុំជម្រះ និងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។ សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារសំខាន់ ដែលបណ្តុំទៅដោយអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ៤រូប ជាជនជាប់ចោទ មានលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហម, លោក ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម, លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃរបបខ្មែរក្រហម និងលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃរបបខ្មែរក្រហម។

សាលដីកាសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន ជាសាលដីចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងបេសកកម្មស្វែងរកការពិត និងយុត្តិធម៌ជូនជនរងគ្រោះកម្ពុជាតាមរយៈការជំនុំជម្រះក្តីប្រឆាំងទៅលើជនពីរជំពូកគឺ អតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងនៅចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ក្នុងនោះពលរដ្ឋខ្មែរចន្លោះ ១,៧លាន ទៅ ២,២លាននាក់ បានស្លាប់ដោយអំពើអមនុស្សផ្សេងៗ។

លោកបានចាត់ទុកសាលដីកានៅពេលនេះ ជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់តុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិ និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា ជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម ដែលបានទទួលនូវសាលដីកាថ្មីមួយទៀត និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ។

សូមបញ្ជាក់ថា ក្នុងសំណុំរឿង ០០២/០២ មានជនជាប់ចោទ ១រូប ក្នុងចំណោម ៤រូប គឺ លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ ដែលមានអាយុ៩១ឆ្នាំ នៅរស់រានមានជីវិត និងបានចូលរួមក្នុងដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង។ ចំណែកជនជាប់ចោទ ៣រូបផ្សេងទៀត បានស្លាប់ រួមមាន លោក អៀង សារី បានស្លាប់កាលពីខែមីនា ឆ្នាំ២០១៣, លោកស្រី អៀង ធីរិទ្ធ បានស្លាប់នៅខែសីហា ឆ្នាំ២០១៥ និងលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហមមានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់នៅក្នុងដំណាក់កាលបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩៕