ស្រុកចំនួន៨ក្នុងខេត្តសៀមរាប កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង

សៀមរាប៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងកំពុងប៉ះពាល់ដល់ភូមិចំនួន ១៥០ភូមិ នៃឃុំចំនួន៣១ ក្នុងស្រុកចំនួន៨គឺ ស្រុកស្រីស្នំ ក្រឡាញ់ ជីក្រែង អង្គរជុំ វ៉ារិន ពួក សូទ្រនិគម និងស្រុកប្រាសាទបាគង។ ជំនន់ទឹកភ្លៀងនេះ កំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២.៩០៦គ្រួសារ ក្នុងនោះលិចបរិវេណផ្ទះកម្រិតស្រាលចំនួន ១.៧៦០ខ្នង និងកម្រិតធ្ងន់ចំនួន ២៩ខ្នង ក្នុងនោះ ៤គ្រួសារ បានជម្លៀសដោយខ្លួនឯងទៅនៅជាមួយសាច់ញាតិ ដែលនៅជិតៗ និងប្រជាពលរដ្ឋដទៃនៅមិនទាន់ដល់កម្រិតដែលត្រូវជម្លៀសនៅឡើយទេ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា បានឱ្យដឹងថា ក្រៅពីប៉ះពាល់ដល់លំនៅឋាន និងប្រជាពលរដ្ឋ ក៏បានប៉ះពាល់ដល់ស្រូវពង្រោះចំនួន ៦.១២៥ហិកតា ដំឡូងមីចំនួន ១.៥៧៨ហិកតា លិចទីធ្លាសាលារៀន ៣៣កន្លែង លិចបរិវេណមណ្ឌលសុខភាព ៤កន្លែង អាគាររដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល ៧កន្លែង លិចបរិវេណវត្ត ៦កន្លែង លិចផ្លូវប្រវែង ៧៨.៤២៦ម៉ែត្រ និងខូចខាតប្រវែង ២.៣៦៦ម៉ែត លិចខ្នងទំនប់ ខ្នងប្រឡាយប្រវែង ១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត លិចស្ពាន ១កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ ងាប់គោចំនួន ១ក្បាល ងាប់មាន់ទាសរុបចំនួន ៦៧៦ក្បាល។
បន្ទាប់ពីមានករណីជំនន់ទឹកភ្លៀងកើតឡើង លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចេញសារជូនដំណឹងតាមរយៈប្រព័ន្ធ១២៩៤ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខ្លះនៃខេត្តសៀមរាប ឱ្យមានលក្ខណៈត្រៀមបម្រុង និងតាមដានបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ខណៈកម្ពុជាកំពុងបន្តទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ITCZ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់ឱ្យបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អ ចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក ការថែទាំសុខភាព ការបង្កាជំងឺរាករូស កាពារពីការយាយីពីសត្វអាសិរពិស និងការស្វែងរកទីទួលមានសុវត្ថិភាព ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត។
ចំពោះស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាបវិញ បានលិចទឹកនៅតាមភូមិនៃបណ្ដាសង្កាត់ចំនួន១១ ដូចជាសង្កាត់ជ្រាវ សង្កាត់គោកចក សង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម សង្កាត់ក្របីរៀល សង្កាត់សៀមរាប សង្កាត់សំបួរ សង្កាត់នគរធំ សង្កាត់ទឹកវិល សង្កាត់ស្វាយដង្គំ និងសង្កាត់សាលាកំរើក លើកលែងតែសង្កាត់ចុងឃ្លៀស បណ្ដាលឲ្យលិចនូវហេដ្ឋារចនាសម្ព័ន្ធនានា បរិវេណផ្សារ សាលារៀន មណ្ឌលសុខភាព និងតាមបណ្តាដងផ្លូវសំខាន់ៗក្នុងក្រុង និងបានស្រកទឹកវិញជាបណ្តើរៗ ហើយក្រុមការងាររដ្ឋបាលក្រុង សង្កាត់ បានធ្វើការបង្វែរ ដើម្បីរំដោះទឹកចេញពីតំបន់លិចទាំងនោះ។
យោងតាមការឱ្យដឹងពី ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២២ ចំពោះឥទ្ធិពល ជ្រលងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអាចធ្វើឱ្យមានជំនន់ទឹកភ្លៀងកើតឡើង ជាយថាហេតុ ស្របពេលតំបន់មួយចំនួនមានការជន់លិចស្រាប់នាអំឡុងពេលនេះ។ ការនេះ អាជ្ញាធរពាក់ព័ន្ធ កំពុងបន្តត្រៀមលក្ខណៈជួយសង្គ្រោះ ក្នុងករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ៕
