ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀន និងមន្ត្រីចូលនិវត្តន៍ គឺជាកាតព្វកិច្ចផ្នែកសីលធម៌ ដែលមិនខុសពីការយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ឬ អាណាព្យាបាល ក្នុងគ្រួសារមួយនោះទេ

image


ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញានេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀន និងមន្ត្រីចូលនិវត្តន៍ គឺជាកាតព្វកិច្ច (កាតព្វកិច្ចផ្នែកសីលធម៌) ដែលមិនខុសពីការយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ឬ អាណាព្យាបាលក្នុងគ្រួសារមួយនោះទេ ព្រោះពួកគាត់ ៖ ១. បានធ្វើការលះបង់ជាច្រើន ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនរបស់ប្រទេសជាតិ ២. ជាអ្នកត្រួសត្រាយផ្លូវ និងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាសអោយយោធិននិងមន្ត្រីរាជការជំនាន់ក្រោយអាចបន្តការងារបម្រើជាតិ បានកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព និង៣. ជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយចំណេះដឹងនិងបទពិសោធន៍ការងារ ដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជួយឧបត្ថម្ភគាំពារដល់អតីតយុទ្ធជន ជាអាទិ៍៖ ការចូលរួមពង្រឹងតួនាទី និងធ្លុងសាមគ្គីឯកភាពក្នុងជួរអតីតយុទ្ធជន ក៏ដូចជាការថែទាំ និងកែលម្អជីវភាពអតីតយុទ្ធជនបានល្អប្រសើរ ធានាបាននូវកម្លាំងមូលធនមនុស្សសរុបដើម្បីបន្តរួមចំណែកអភិវឌ្ឍជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ នៅក្រោមក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ហើយលក្ខន្តិកៈរបស់សមាគមត្រូវបានកែសម្រួលនៅក្នុងឆ្នាំ២០១៥ ជាការបើកច្រកឱ្យមានការចូលរួមបន្ថែមពីមន្ត្រីយោធា, នគរបាល និងកងទ័ព នៅក្នុងរចនាសម្ព័ន្ធរបស់សមាគម ដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាពការងារ ក្នុងនាមជាយន្តការបំពេញបន្ថែមឱ្យយន្តការរបស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អតីតយុទ្ធជន តាមរយៈការផ្តល់នូវការថែទាំ និងជួយទំនុកបម្រុងទាំងផ្នែកស្មារតី និងសម្ភារដល់កម្លាំងប្រដាប់អាវុធជាតិ បន្ទាប់ពីបានចូលនិវត្តន៍។ មួយវិញទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយនេះពិតជាបានបង្ហាញថា សម្តេច មានការយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារអតីតយុទ្ធជន ពីព្រោះម្យ៉ាង រូបសម្តេចផ្ទាល់ ក៏ជាយោធិនមួយរូបដែលធ្លាប់ធ្វើពលិកម្ម និងឆ្លងកាត់ការលំបាកនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការយកចិត្តទុកដាក់ទៅលើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន ក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែងត្រូវបានធ្វើជាប់ជាប្រចាំចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឱ្យស័ក្តិសមនឹងគុណបំណាច់ដែលអ៊ំពូមីងបានបំពេញជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញ និងការអនុវត្តនូវគោលនយោបាយនានា រួមមាន៖ ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយជាបន្តបន្តាប់, ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ, ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត, ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំជា “ទិវាអតីតយុទ្ធជនកម្ពុជា”, កងទ័ពជើងគោក ក៏បានផ្តល់អាទិភាពជូនកូនចៅរបស់អតីតយុទ្ធជននៅក្នុងដំណើរការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌនៅតាមស្ថាប័ន-កងអង្គភាពចំណុះ, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ និងប័ណ្ណ ប.ស.ស. និងការបំពាក់មេដាយការពារជាតិ ។ល៕