សង្គម

ប្រធានសមាគមស្វាយចន្ទីកម្ពុជា៖ ការកាប់ដើមស្វាយចន្ទីចោល ១០ម៉ឺនហិកតារបស់កសិករឆ្នាំនេះ នឹងមិនប៉ះពាល់ដល់គោលនយោបាយអភិវឌ្ឍន៍ស្វាយចន្ទីនោះទេ

image


ភ្នំពេញ៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ការកាប់បំផ្លាញដើមស្វាយចន្ទីររបស់កសិករទៅដាំដំណាំផ្សេងជំនួស មិនប៉ះពាល់ដល់គោលនយោបាយអភិវឌ្ឍន៍ស្វាយចន្ទីនោះទេ ដោយហេតុថា កសិករកាប់តែដើមចាស់ៗ និងដើមតូចដែលមិនផ្តល់ផលតែប៉ុណ្ណោះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ CNC ឲ្យដឹងថា នៅឆ្នាំ២០២២នេះ ជាឆ្នាំអន់បំផុត ប៉ុន្តែយើងនៅតែអាចផលិតបានច្រើន។ រយៈពេល ៧ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៦ម៉ឺនតោន គិតជាទឹកប្រាក់ ១០៧៧លានដុល្លា ថយចុះ ៣៧% បើធៀបឆ្នាំ២០២១។ ដោយឡែក នាំទៅវៀតណាមមានចំនួន ៦៤ម៉ឺនតោន។ នៅខែសីហា ទិន្នន័យប្រហាក់ប្រហែលគ្នា ដោយហេតុថា មកទល់ពេលនេះ កសិករលក់អស់ពីឃ្លាំងហើយ។

លោក ស៊ីឡុត បានបន្តថា គ្រាប់ស្វាយចន្ទីអាចលក់បានចន្លោះពី ៥៥០០រៀល ទៅ ៧២០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ស្របពេលដែលវានឹងកាន់តែថយទិន្នផលសម្រាប់ការផ្គត់ផ្គង់ ព្រោះមានកសិករមួយចំនួនបានបោះបង់ការដាំដុះស្វាយចន្ទី និងកាប់ដើមស្វាយចន្ទីចោល។

លោកបានបន្ថែមទៀតថា ទិន្នន័យចម្ការស្វាយចន្ទីឆ្នាំ២០២១ នៅកម្ពុជាមានប្រមាណ ៨០ម៉ឺនហិកតាទូទាំងប្រទេស។ ប៉ុន្តែឥឡូវការប្រែប្រួលអាកាសធាតុ ដូច្នេះអ្នកដាំបានកាប់ចោលប្រមាណ ១០ម៉ឺនហិកតា ខណៈដែលមកដល់ពេលនេះ ស្វាយចន្ទីនៅសល់ប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ បានសង្ឃឹមយ៉ាងមុតមាំថា ក្រោយបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងដើរតួនាទីប្រកបដោយបុរេសកម្ម និងច្នៃប្រឌិត រួមចំណែកលើកកម្ពស់ធនធានមនុស្សនិងបច្ចេកទេស និងបន្តទាក់ទាញដៃគូជាតិ និងអន្តរជាតិ ដើមី្បអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា បំពេញតម្រូវការទីផ្សារបញ្ជាទិញក្រៅប្រទេសបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា មានមហិច្ឆិតាប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិត ផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ក្រសួងពាណិជ្ជកម្ម បាន និងកំពុងពន្លឿនការរៀបចំធ្វើគោលនយោបាយស្តីពីស្វាយចន្ទី ក្នុងគោលបំណងធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។

គោលនយោបាយនេះ ក៏រំពឹងថា នឹងធ្វើឲ្យកម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី ព្រមទាំងបង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ៕
អត្ថបទ៖ ចេង ឆហួត