ព័ត៌មានជាតិ

ក្រសួងអប់រំ និងអង្គការអន្តរជាតិខាងការងារ (ILO) បានបើកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ដើម្បីជ្រើសយកជ័យលាភី ៥ក្រុមឆ្នើមប្រចាំឆ្នាំ២០២២

image


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានបើកការប្រកួតប្រជែងផែនការអាជីវកម្មវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី “ធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២ និងការប្រារព្ធទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២២” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បើតាមក្រសួងអប់រំ បានបញ្ជាក់ថា គោលបំណងធំៗ នៃការប្រារព្ធកម្មពិធីនេះឡើង គឺដើម្បីបង្កើតឱកាសឱ្យយុវជនទទួលបាននូវចំណេះដឹង និងដំណោះស្រាយបញ្ហាផ្សេងៗ សម្រាប់ជួយលើកកម្ពស់ការយល់ដឹងដល់យុវជនពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មប្រកបដោយភាពជាសហគ្រិន ព្រមទាំងការត្រៀមខ្លួនឱ្យបានប្រសើរ មុនចាប់ផ្ដើមអាជីវកម្មថ្មី ដោយចេះចែករំលែកចំណេះដឹងគ្នា មានភាពសកម្ម មានភាពជាអ្នកដឹកនាំ ចេះសហការគ្នា ចេះធ្វើការជាក្រុម និងមានគំនិតច្នៃប្រឌិតក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន តាមរយៈការរៀបចំជាផែនការអាជីវកម្ម ដែលផែនការអាជីវកម្មនោះ អាចចូលរួមចំណែកជួយដោះស្រាយបញ្ហាសង្គម និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២២នេះ ឆ្លងកាត់ការអនុវត្តកម្មវិធីធុរកិច្ចជាតិសម្រាប់យុវជននៅតាមបណ្ដារាជធានី- ខេត្តទាំង២៥ អស់រយៈពេលជាង៥ខែ ដែលចាប់ផ្ដើមអនុវត្តតាំងពីខែឧសភា ឆ្នាំ២០២២ ក្រុមការងាររបស់នាយកដ្ឋានយុវជន និងអង្គការអន្តរជាតិខាងការងារ (ILO) បានធ្វើការបណ្ដុះបណ្ដាលអំពីសហគ្រិនភាពដល់គ្រូបង្គោលថ្នាក់ជាតិ គ្រូបង្គោលរាជធានី -ខេត្ត និងយុវជននៅទូទាំង ២៥រាជធានី-ខេត្ត បានចំនួនជាង ៥០០០នាក់។ រីឯក្រុមយុវជននៅតាមបណ្ដាលរាជធានី-ខេត្ត ដែលបានទទួលការបណ្ដុះបណ្ដាល ត្រូវរៀបចំជាគម្រោងផែនការអាជីវកម្ម ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមយកជ័យលាភីលេខ១ ប្រចាំរាជធានី-ខេត្ត របស់ខ្លួន។

ទន្ទឹមគ្នានេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងាររបស់នាយកដ្ឋានយុវជន និងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំការប្រកួតប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានការចូលរួមពីម្ចាស់ជ័យលាភីរបស់រាជធានី-ខេត្ត ចំនួន ២៥ក្រុម ដើម្បីជ្រើសរើសយក ១០ក្រុមឆ្នើម។ ក្រុមឆ្នើមទាំង១០ក្រុមនេះ បានទទួលការប្រឹក្សាអំពីរបៀបបើកអាជីវកម្មដំបូងជាមួយសហគ្រិនជោគជ័យ ដែលជាម្ចាស់អាជីវកម្ម ឬម្ចាស់សហគ្រាសនៅតាមបណ្ដាខេត្តរៀងៗខ្លួន ព្រមទាំងការរៀបចំប៉ាន់គំរូផលិតផលជាក់ស្ដែងផងដែរ៕


នៅក្នុងពិធីនេះ មានយុវជនចំនួន១០ក្រុម មកពីតាមបណ្ដារាជធានី-ខេត្តដែលបានឆ្លងកាត់ការប្រកួតមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ បានឡើងបង្ហាញពីសមត្ថភាព និងភាពច្នៃប្រឌិតនៃផែនការអាជីវកម្ម និងប៉ាន់គំរូផលិតផលក្រុមរបស់ខ្លួន ដើម្បីដណ្ដើមយកជ័យលាភី ៥ក្រុមឆ្នើមប្រចាំឆ្នាំ២០២២ ក្រោមការចូលរួមវាយតម្លៃប្រកបដោយគុណវុឌ្ឍិ និងសុក្រឹតភាព នៃគណៈកម្មការដាក់ពិន្ទុ ដែលបានអញ្ជើញមកពីតាមបណ្ដាស្ថាប័នរដ្ឋ អង្គការដៃគូពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនផ្សេងៗទៀត៕