ម៉ូតូជាង១ពាន់គ្រឿងបន្ថែមទៀត ត្រូវបានរកឃើញនៅតាមទីតាំងបញ្ចាំខុសច្បាប់នៅឃ្លាំងរំសេវ ខណៈមនុស្សសរុប ៩នាក់ ត្រូវបានឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានចុះពិនិត្យរកឃើញទីតាំងបញ្ចាំដោយខុសច្បាប់នៅឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានរកឃើញម៉ូតូសរុប ១,០០០គ្រឿង គិតត្រឹមរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ម៉ូតូទាំងនោះរកឃើញថា គ្មានឯកសារត្រឹមត្រូវ ពោលគឺ គ្រាន់តែធ្វើលិខិតបញ្ចាំជាមួយបុគ្គលនោះតែប៉ុណ្ណោះ ហើយសមត្ថកិច្ចបានធ្វើការដកហូត។
ទន្ទឹមនេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ចំនួន ៩នាក់ផងដែរ ក្នុងនោះម្នាក់សង្ស័យជាមេក្លោងធំ ហើយត្រូវបានបញ្ជូនទៅធ្វើការសួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ នេះបើយោងតាមការឱ្យដឹងពីសមត្ថកិច្ច នៅក្នុងប្រតិបត្តិការត្រួតពិនិត្យទីតាំងបញ្ចាំ ដែលដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានប្រមូលម៉ូតូចំនួន ៥០០គ្រឿង ពីទីតាំងហាងបញ្ចាំនៅឃ្លាំងរំសេវ ដែលពាក់ព័ន្ធនឹងទទួលផលចោរកម្ម និងគ្មានឯកសារ ក្នុងនោះមនុស្សចំនួន ៣នាក់ ត្រូវឃាត់ខ្លួន។ សរុបចាប់ពីការបើកប្រតិបត្តិការបង្ក្រាបទីតាំងហាងបញ្ចាមរហូតមកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញម៉ូតូគ្មានលិខិត្តត្រឹមត្រូវចំនួន ១៥០០គ្រឿងហើយ និងមនុស្សចំនួន ១២នាក់ ត្រូវបានឃាត់ខ្លួន។ ម៉ូតូទាំងអស់ដែលបានបង្ក្រាប ត្រូវបានយកទៅរក្សាទុកនៅទីតាំង OCIC ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់អ្នកដែលបាត់ម៉ូតូកន្លងមក អាចទៅរកម៉ូតូបាន ដោយភ្ជាប់នូវឯកសារសម្គាល់ម៉ូតូទៅផង។
ទោះជាយ៉ាងនេះក៏ដោយ សមត្ថកិច្ចមិនទាន់បិទបញ្ចប់ការបង្ក្រាបនៅឡើយទេ។ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងបញ្ចាំដែលសង្ស័យថា រកស៊ីបញ្ចាំដោយខុសច្បាប់ នៅរាជធានីភ្នំពេញ៕
