ព័ត៌មានជាតិ

អគ្គលេខាធិការ UN អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបាននាំកងទ័ពមួកខៀវកម្ពុជា ចូលរួមរក្សាសន្តិភាពពិភពលោក

image


អាមេរិក៖ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅអាមេរិក ត្រូវនឹងយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា។
នៅក្នុងជំនូបនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា យើងពិតជារីករាយចំពោះកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយកន្លងមកយើងបានគាំទ្រទាំងស្រុងចំពោះកម្ពុជាជាមួយនឹងក្រុមការងារUNរបស់យើងដែលមាននៅប្រចាំប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា អង្គការសហប្រជាជាតិ បន្តសាមគ្គីជាមួយបណ្ដាប្រទេសដែលបានប៉ះពាល់ដោយវិបត្តិទាំងឡាយរួមទាំងជំងឺ covid-19 ផងដែរ។ លោក ក៏បានគូបញ្ជាក់អំពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន ហើយនឹងអតិផរណាដែលបានបណ្ដាលមកពីសង្គ្រាមនោះ ហើយជាពិសេសអំពីការប្រាក់បានឡើងខ្ពស់ជាងមុន បានបង្កើតដល់ផលវិបាកយ៉ាងច្រើនដល់ប្រជាជននៅទូទាំងពិភពលោក។
ក្នុងន័យនេះ លោកបានបញ្ជាក់ថា អង្គការសហប្រជាជាតិ បានឈរជាមួយនឹងស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍។ លោក បានបញ្ជាក់ថា យើងនឹងខិតខំក្នុងការជំរុញកែទម្រង់ហិរញ្ញប្បទានអន្តរជាតិផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណអ្វីដែលលោកអគ្គលេខាធិការ បានលើកឡើង ជាពិសេសសង្គ្រាមនៅអ៊ុយក្រែន។ សម្ដេច ក៏បានបញ្ជាក់ថា លោកអគ្គលេខាធិការមានក្រុមការងាររបស់លោកល្អនៅប្រចាំនៅប្រទេសកម្ពុជា។
សម្ដេច ក៏អរគុណចំពោះជំនួយវ៉ាក់សាំងរបស់អង្គការសហប្រជាជាតិតាមរយៈកូវ៉ាក់ជួយដល់កម្ពុជា។ សម្ដេច បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមកដល់ពេលនេះ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណជា ៩៥% នៃចំនួនប្រជាពលរដ្ឋសរុប ហើយប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានទទួលដល់ដូសទី៥ រួចទៅហើយ ខណៈមកដល់ថ្ងៃនេះ មានអ្នកឆ្លងតិចតួច។
ក្នុងជំនូបនេះ សម្ដេច ក៏បានមានប្រសាសន៍លើកឡើង បីចំណុចសំខាន់ៗ នៅក្នុងជំនួបនេះ ក្នុងនោះ ចំណុចទី១ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីភាពជោគជ័យនៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអង្គការសហប្រជាជាតិដែលតុលាការកូនកាត់នេះ បានប្រកាសប៉ុន្មានម៉ោងមុននេះ នូវសាលក្រមចុងក្រោយដើម្បីរកយុត្តិធម៌ជូនចំពោះប្រជាពលរដ្ឋកម្ពុជាដែលជាអ្នករងគ្រោះនៃរបបប្រល័យពូជសាសន៍។ សម្ដេចក៏បានគូបញ្ជាក់ថា “ឯកឧត្តម និងខ្ញុំបានធ្វើការជាមួយគ្នាកន្លងមក ជាពិសេសជាមួយនឹងអង្គការសង្គមស៊ីវិលផងដែរ និងការប្រយុទ្ធប្រឆាំងជាមួយនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្ញុំ បានរង់ចាំ ៤៣ឆ្នាំសម្រាប់ស្វែងរកយុត្តិធម៌ថ្ងៃនេះ។”
សម្ដេច ក៏បានបញ្ជាក់ថា ៤៣ឆ្នាំមុន យើងបានរស់ពីស្លាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានជួយពីប្រទេសវៀតណាម។ ហើយថ្ងៃនេះយើងមានយុត្តិធម៌ គឺសម្រាប់ប្រជាពលរដ្ឋយើងដែលរងគ្រោះដែលរបបប្រល័យពូជសាសន៍។
សម្តេចក៏បានគូសបញ្ជាក់ថា ការរកយុត្តិធម៌នៅពេលនេះ ជូនពលរដ្ឋយើង ក្នុងគោលដៅដើម្បីបង្ការកុំឲ្យមានព្រឹត្តការណ៍ ឬស្ថានភាពបែបនេះកើតឡើងវិញ។
ចំណុចទី២ ការចូលរួមរបស់កម្ពុជាជាមួយUN សម្តេច ក៏បានលើកឡើងថា កម្ពុជាគឺត្រៀមក្នុងការចូលរួមបន្ថែមទៀតបញ្ជូនកងទ័ពមួកខៀវដើម្បីរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ចំណុចទី៣ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិដែលគ្រោងនឹងរៀបចំរាជធានីភ្នំពេញនៅខែវិច្ឆិកាឆ្នាំ ២០២២ខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ឆ្នាំនេះកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតដែលមានវត្តមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រីបណ្ដាប្រទេសដៃគូសន្ទនារបស់អាស៊ាន។ សម្តេចរំពឹងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងអញ្ជើញចូលរួមនៅក្នុងពេលខាងមុខនោះ។
លោកអគ្គលេខាធិការ បានមានប្រសាសន៍អបអរសាទរចំពោះភាពជោគជ័យដ៏អស្ចារ្យ និងត្រចះត្រចង់ចំពោះតុលាការខ្មែរក្រហម។ លោកបន្តថា លោកពិតជារីករាយក្រៃលែងចំពោះកម្ពុជាក្នុងការចូលរួមក្នុងក្របខណ្ឌការរក្សាសន្តិភាព៕

អត្ថបទលោក ហ៊ន សុភ័ក្រ