ព័ត៌មានជាតិ

អភិបាលកម្មវិធីអភិវឌ្ឍន៍ UN (UNDP) ជម្រាបសម្តេចតេជោ ហ៊ុន សែន ថា នឹងបន្តគាំទ្រដល់ប្រទេសកម្ពុជាលើការអភិវឌ្ឍ បើទោះបីកម្ពុជាមានការអភិវឌ្ឍច្រើនហើយក្តី

image


អាមេរិក៖ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយលោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅអាមេរិក ត្រូវនឹងយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅលោកអភិបាលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្លាប់បានធ្វើការក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ លោកបានស្គាល់កម្ពុជាច្បាស់ ។ សម្ដេចក៏បានថ្លែងអំណរគុណដល់អង្គការ UNDP ក៏ដូចជាភ្នាក់ងារ នៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគោលនយោបាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការជំរុញការអនុវត្ត នៃគោលដៅអភិវឌ្ឍន៍សហវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
លោកអភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា លោកបានតាមដានការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ឃើញកម្ពុជាមានការអភិវឌ្ឍ។ លោក បានបន្តថា នៅឆ្នាំខាងមុខនេះ អង្គការUNDP នឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសទៅលើការអភិវឌ្ឍន៍។
លោកក៏បានបង្ហាញការរីករាយដែលបានឃើញកម្ពុជាកន្លងទៅនេះ ទទួលបានជោគជ័យក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ លោក ក៏បានគូសបញ្ជាក់ថា អ្វីដែលសំខាន់នៅពេលនេះ គឺពាក់ព័ន្ធការងារការប្រែប្រួលអាកាសធាតុ ដូចលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា យើងនឹងបន្តធ្វើការជាមួយប្រទេសកម្ពុជា លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេច ពិតជាអរគុណ ដែលអង្គការ UNDP បានបន្តការគាំទ្រ នូវការខិតខំប្រឹងប្រែងរបស់យើង ជាពិសេសធ្វើយ៉ាងណាការខិតខំប្រឹងប្រែងរបស់យើងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដោយមានការគាំទ្រពីអង្គការ UNDP។
ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ចំនួនបីចំណុចសំខាន់ៗ ក្នុងនោះទីមួយ កម្ពុជាពិតជាត្រូវការគាំទ្រពីអង្គការ UNDP ចំពោះការអភិវឌ្ឍនៅប្រទេសកម្ពុជា។ ជាពិសេសដែលបច្ចុប្បន្ននេះ អង្គការ UNDP មានយុទ្ធសាស្ត្រល្អក្នុងការជួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍តិចតួច។ បើទោះបីជាកម្ពុជាមានការអភិវឌ្ឍជាច្រើនមែនពិត ក៏ប៉ុន្តែអ្វីសម្ដេចមិនចង់បាននោះ គឺប្រទេសដែលចាកចេញពីការអភិវឌ្ឍន៍តិចតួចនេះ ត្រឡប់ទៅភាពដើមវិញ ដោយសារសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ចំណុចទីពីរ សម្តេចបានមានប្រសាសន៍ថា សម្ដេចកំពុងតែជំរុញគោលនយោបាយមិនមានមីននៅកម្ពុជាត្រឹមឆ្នាំ ២០២៥ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាត្រូវការការគាំទ្រពីអង្គការ UNDP ចំពោះគោលនយោបាយកម្ពុជាផងដែរ។ សម្ដេចបានបន្តថា សម្ដេចបានខិតខំប្រឹងប្រែងក្នុងការកៀរគរមូលនិធិដើម្បីធ្វើយ៉ាងណាឲ្យការគាំទ្រពីក្នុងប្រទេស និងក្រៅប្រទេស ។ សម្ដេចក៏បានស្នើសុំឲ្យអង្គការ UNDP គាំទ្រនិងដើរតួនាទីជួយកម្ពុជា ដោយសារតែមីនមិនមែនតែពាក់ព័ន្ធនឹងការអភិវឌ្ឍនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងពិភពលោកផងដែរ យើងមើលឃើញការប្រឈមជាច្រើនដោយសាមីននៅលើពិភពលោក។ ចំណុចទីបី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការបម្រែបម្រួលអាកាសធាតុ ដែលក្នុងឆ្នាំនេះកម្ពុជាធ្វើជាប្រធានអាស៊ានហើយបានដាក់ចេញកិច្ចព្រមព្រៀងបៃតងអាស៊ាន ដើម្បីសុំការគាំទ្រពីបណ្ដាប្រទេសអាស៊ាន និងសុំការគាំទ្រពីអង្គការ UNDP ដើម្បីឲ្យកិច្ចព្រមព្រៀងបៃតងអាស៊ានចេញជារូបរាង ។
សម្ដេចបានមានប្រសាសន៍បន្តថា នេះជារឿងសំខាន់ណាស់សម្រាប់អង្គការ UNDP ក្នុងការជំរុញគាំទ្រកិច្ចព្រមព្រៀងបៃតងអាស៊ាននេះ៕

អត្ថបទលោក ហ៊ន សុភ័ក្រ