ព័ត៌មានជាតិ

សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាថា ពិធីបុណ្យតបគុណគ្រូ គឺជាកម្លាំងសាមគ្គី ​របស់សមណសិស្ស-សិស្ស ​ពោរពេញដោយភាពកតញ្ញូបំផុត

image

ភ្នំពេញ ៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ជាសមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថា ពិធីបុណ្យតបគុណគ្រូ គឺជាគុណធម៌ដ៏ល្អ ដែលនាំមកនូវសេចក្តីចម្រើន សម្រាប់យើងទាំងអស់គ្នា។ នេះជាកិច្ចការមួយដ៏ល្អ ដែលយើងទាំងអស់គ្នា​ បានប្រារព្ធធ្វើមកជាប់មិនដាច់ រហូតមកដល់ជំនាន់នេះ។ នេះជាលក្ខណៈពិសេស សម្រាប់ប្រទេសកម្ពុជា បើធៀបនឹងវប្បធម៌ នៃប្រទេសបណ្តាមួយចំនួន។


មានសង្ឃដីការ នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ ​ក្នុងពិធីបុណ្យតបគុណគ្រូ នៃពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល, សម្តេចព្រះឧត្តមចរិយា បានបន្ថែមថា កម្មវិធីនេះ ក៏ជាការឆ្លុះបញ្ចាំងនូវកម្លាំងសាមគ្គី ឯកភាព របស់សមណសិស្ស សិស្ស ដោយបានសម្តែងចេញពីក្រអៅបេះដូង ពោរពេញដោយភាពកតញ្ញូបំផុត ជាគុណធម៌ ជាកំពូលនៃសីល និងធម៌របស់មនុស្សជាតិ ដែលអ្នកប្រាជ្ញមានព្រះពុទ្ធជាដើមនោះ តែងត្រាស់សរសើរ។


ស្របជាមួយគ្នានោះ, ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះសង្ឃនាយកពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា បានមានសង្ឃដីកាថា កម្មវិធីបុណ្យតបគុណគ្រូ គឺជាកាយវិការ សកម្មភាពមនុស្សធម៌ យ៉ាងពិសេសពិសាលប្រសើរបំផុត ផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រូ និងសិស្ស ឲ្យកាន់តែមានភាពស្និលស្នាល ក្នុងន័យថា គ្រូគឺជាបុគ្គលគំរូ ដែលបានផ្តល់នូវចំណេះដឹង ពុទ្ធិផ្សេងៗ ចាត់ជាទ្រព្យដ៏មានតម្លៃក្នុងលោក ឬជាអ្នកផ្ទេរនូវចំណេះដឹង ជំនាញមកឲ្យសិស្ស។

លោកគ្រូ-អ្នកគ្រូ និងសមណសិស្ស ដែលបានចូលរួមក្នុងពិធីបុណ្យនេះ ក៏បានបង្ហាញពីសារៈសំខាន់ នៃពិធីបុណ្យតបគុណគ្រូនេះផងដែរ។ ដោយបានលើកឡើងថា នេះគឺជាកម្មវិធីដ៏ល្អ និងមិនអាចបំភ្លេចបាន។

គួរជម្រាបថា ​ពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា​ បានប្រារព្ធពិធីបុណ្យតបគុណគ្រូ ចំនួន៤លើករួចមកហើយ ដោយកំណត់យកថ្ងៃទី១០ ខែធ្នូរៀងរាល់ឆ្នាំ។ ហើយបើតាមសង្ឃដីកា ពីព្រះសង្ឃនាយកពុទ្ធិក បានបញ្ជាក់ថា ចាប់តាំងពីបានធ្វើពិធីបុណ្យនេះ ឃើញថាសមណសិស្ស តែងបានចូលរួមយ៉ាងពុះពារ ហួសពីការរំពឹងទុក ដោយនេះជាមោទនភាពថ្មី ជាជោគជ័យផ្លែផ្កាមួយ នៃការអប់រំរបស់ពុទ្ធិក៕

អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី​