ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាហាមសាងសង់វត្ត ទីតាំងគោរពនានាបន្ថែមនៅតំបន់អង្គរ

image

អត្ថបទលោក ហ៊ន សុភ័ក្រ

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាហាម និងទទួលខុសចំពោះមុខនាយករដ្ឋមន្រ្តី ដែលមានអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ ក្រសួងធម្មការ ហាមអនុញ្ញាតសាងសង់វត្តព្រះពុទ្ធសាសនា សាសនាផ្សេងៗ ទីតាំងគោរពនានាបន្ថែមនៅតំបន់អង្គរ។ នេះជាការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋានពីតំបន់អង្គរទៅកាន់ភូមិអភិវឌ្ឍន៍រុនតាឯក។

ជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ថា វត្តអារាម ទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមនីយដ្ឋានអង្គរ មិនមានការរុះរើនោះទេ គឺរក្សានៅដដែល តែមិនអនុញ្ញាឱ្យកសាងវត្តអារាមព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហារគ្រឹស្តសាសនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតឡើយ។ អនុញ្ញាតឱ្យមានការលក់ដូរ ហូបចុក នៅតាមវត្តអារាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែអាជ្ញាធរអប្សរា ត្រូវរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ណែនាំប្រជាពលរដ្ឋដែលលក់ដូរ នៅតំបន់នោះអោយបានល្អប្រសើរ។ មិនអនុញ្ញាតឱ្យមានការកសាងចេតិយ អាស្រម រូបសំណាក ឬ បដិមា គោរពបូជាណាបន្ថែមទៀតឡើយ។ មិនអនុញ្ញាតឱ្យយកសាកសព ទៅកប់ ឬ បូជា នៅក្នុងវត្តអារាមក្នុងតំបន់រមនីយដ្ឋានអង្គរនោះឡើយ លើកលែងតែចៅអធិការ ឬគ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ដែលបានគង់នៅវត្តយូរណាស់មកហើយ ។

សម្តេចបញ្ជាក់ថា អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា ត្រូវអនុវត្តកិច្ចការងារឲ្យបាន៕