ព័ត៌មានជាតិ

ទឹកទន្លេសេកុងក្នុងខេត្តស្ទឹងត្រែងចាប់ផ្តើមឡើងហួសចំណុចប្រកាសអាសន្ន​  ខណៈតំបន់ខ្លះក្នុងស្រុកសៀមប៉ាង​ជន់លិច​

image

អត្ថបទ៖ ម៉ាក​ មេត្តា​​

ស្ទឹងត្រែង៖ ទឹកទន្លេសេកុងបានចាប់ផ្តើមហក់ឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ​ បណ្ដាលឲ្យស្រុកសៀមប៉ាង​ដែលនៅជាប់ទន្លេនេះ​ ចាប់ផ្តើមជន់លិចជាបណ្តើរៗនៅកន្លែងខ្លះ។ នេះបើយោងតាមការឲ្យដឹងពីលោក ផាន់​ យុត​ អភិបាលស្រុកសៀមប៉ាង​ នៅព្រឹកថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០២២នះ។ 

អភិបាលស្រុកសៀមប៉ាង ថ្លែងថា​ ទឹកទន្លេសេកុង​ បច្ចុប្បន្នចាប់ផ្តើមហូរចូល​ នឹងជន់លិចផ្លូវលំជាច្រើនកន្លែងក្នុងទីប្រជុំជនស្រុកសៀមប៉ាងផងដែរ។ 

យោងតាមរបាយការណ៍ស្តីពីស្ថានភាពទឹក​ ដែលចេញដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០២២នេះ​ បានបង្ហាញថា​ ទឹកទន្លេសេកុងសៀមប៉ាង​ព្រឹកនេះ កម្ពស់១១,៥២​ម៉ែត្រ  ឡើង០,៤៤ម៉ែត្រ​ ខណ:ថ្ងៃម្សិលមិញ១១,០៨​ ម៉ែត្រចំណុចប្រកាសអាសន្ន១១,៥០ម៉ែត្រ​ ពោលគឺបានហក់ឡើងហួសចំណុចប្រកាសអាសន្ន។ 

ដោយឡែកទន្លេចំនួន២ទៀត​ ​រួមមានកម្ពស់ទឹកទន្លេមេគង្គនៅព្រឹកនេះ ៩,៨៥ម៉ែត្រ ខណៈព្រឹកម្សិល​៩,៨២ម៉ែត្រ

ដែលចំណុចប្រកាស ១០,៧០ម៉ឺត្រ។ ចំណែកទន្លេសេសាន ៨,៨៦ម៉ែត្រ

ខណៈព្រឹកម្សិល ៩,០២ម៉ែត្រ ដោយចំណុចប្រកាស ១០,៥០ម៉ែត្រ។

ទន្ទឹមនឹងនេះអាជ្ញាធរខេត្តក៏បានចេញសេចក្តីជូនដំណឹងដល់មន្ទីរស្ថាប័នពាក់ពន្ធទាំងអស់​ត្រៀមលក្ខណ:​ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ​ ក្នុងករណីចំបាច់ណាមួយ​ ដែលវានឹងកើតមានឡើងជាយថាហេតុ៕