លិចទូកនេសាទមួយគ្រឿងក្នុងសមុទ្រកោះរ៉ុង ខណៈមនុស្ស៣នាក់ត្រូវបានសង្គ្រោះ

អត្ថបទ៖ ប៉ៃ សុឃីម
ព្រះសីហនុ៖ ក្រុមការងារជួយសង្គ្រោះ និងអូប័រល្បឿនលឿនចំនួន ២គ្រឿង សហការជាមួយ សមត្ថកិច្ច ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ប្រជានេសាទ ដែលបានលិចទូកមួយគ្រឿង នៅចំណុចខាងក្រៅកោះដំឡូង ប្រហែល ១ម៉ៃ ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់មានចំនួន០៣នាក់ ក្នុងនោះមានតៃកុងទូកម្នាក់ និងកម្មករទូក០២នាក់ ក្រោយកើតហេតុ ពួកគាត់បានហែលទឹកឡេីងមក កោះដំឡូង បន្ទាប់មកត្រូវបានជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។
ជនរងគ្រោះទាំង៣នាក់ មានឈ្មោះ១.ឈ្មោះ ពេជ្រ ថ្មី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរតៃកុងទូក មានស្រុកកំណេីតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ ២.ឈ្មោះ ទន់ វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណេីតនៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។
និង៣.ឈ្មោះ សៀម វិជ័យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណេីតភូមិរបោះខ្ទម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកគឺបណ្តាលមកពីឧបករណ៍បូមទឹករបស់មាសុីនទូកខូច និងចំពេលរលកធំៗទៀត ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។
បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ៕
