ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់​ ១៤៤គ្រួសារ​ នៅសង្កាត់អូរជ្រៅ ខេត្តបន្ទាយមានជ័យ​ ទទួលបានជំនួយពីអាជ្ញាធរ

image

បន្ទាយមានជ័យ៖​ ខេត្តបន្ទាយមានជ័យ​ កំពុងប៉ះពាល់ដោយជំនន់ទឹកភ្លៀង​ និងទឹកធ្លាក់ពីប្រទេសថៃ បណ្ដាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋលិចលង់ នៅតាមបណ្ដារស្រុកមួយចំនួន​ ក្នុងនោះក្រុងប៉ោយប៉ែតក៏បានរងផលប៉ះពាល់ចំនួន​ ៣សង្កាត់ផងដែរ។ 

លោក​ គាត​ ហ៊ុល​ អភិបាលក្រុងប៉ោយប៉ែត បាននាំយកជំនួយសង្គ្រោះបឋមរបស់នាយឧត្តមសេនីយ៍​ កែ​ន​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធានអាជ្ញាធរជាតិ​ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តាមរយៈ​ លោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ ទៅចែកជូនប្រជាពលរដ្ឋដែលទៅកាន់ទីទួលសុវត្ថិភាព​ និងចែកទៅតាមខ្នងផ្ទះពលរដ្ឋដែលរងផលប៉ះពាល់សរុបទាំងអស់ ១៤៤គ្រួសារ​ ក្នុងសង្កាត់អូរជ្រៅ​ នៅព្រឹកថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២២។ 

លោក​ គៀត​ ហ៊ុល​ បានបញ្ជាក់ថា​ ទីក្រុងប៉ោយប៉ែតទឹកជំនន់បានវាយប្រហារមកលើសង្កាត់ចំនួន ៣​ តែសង្កាត់ផ្សេងៗបានរងផលប៉ះពាល់តិចតួច។ ដោយឡែកសង្កាត់អូរជ្រៅមានស្ថានភាពធ្ងន់ធ្ងរជាងគេ​ ទឹកលិចផ្ទះប្រជាពលរដ្ឋចំនួន ១៤៤គ្រួសារ​ ហើយធ្ងន់ធ្ងរត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមានចំនួន ៧៧គ្រួសារ។​ ការណ៍នេះ​ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានប្រគល់នូវជំនួយសង្គ្រោះបឋម​ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ។ ក្នុងអំណោយដែលចែកជូននោះរួមមាន​ អង្ករមួយបេទម្ងន់ ២៥ គីឡូក្រាម​ ទឹកស៊ីអ៉ីវ១យួរ​ ទឹកសុទ្ធ១យួរ​ និងស្ករសមួយគីឡូ ផងដែរ។​ ក្នុងការចែកនោះ​ អាជ្ញាធរក្រុងប៉ោយប៉ែត​ បានចែកប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាពរួច​ និងនាំយកទៅចែកដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលលិចទឹកផងដែរ។

លោកអភិបាលក្រុងប៉ោយប៉ែត​ ក៏បានណែនាំដល់ប្រជាពលរដ្ឋនារដូវទឹកជំនន់នេះ​ ជាពិសេសដែលពួកគាត់មានកូនតូចៗ​ ត្រូវវមានការប្រុងប្រយ័ត្នខ្ពស់​ កុំឱ្យពួកគាត់ចុះលេងទឹកផ្ដេសផ្ដាស​ និងត្រូវមើលខ្សែភ្លើង​ និងសត្វអរសេរពិស​ ជាដើម៕

អត្ថបទ៖​ ជា ថន