មន្រ្តីជាន់ខ្ពស់សុខាភិបាល ចាត់ទុកគ្រូពេទ្យ និងគលានុបដ្ឋាក ជាដៃគូមិនអាចខ្វះបាន ក្នុងការជួយព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ធា គ្រុយ បានលេីកឡេីងថា គ្រូពេទ្យ និងគលានុបដ្ឋាក ជាដៃគូមិនអាចខ្វះបានក្នុងការជួយព្យាបាលអ្នកជំងឺ គ្រប់ស្ថានការណ៍ ដែលគេប្រើពាក្យថា ថែទាំព្យាបាល ជាការរួមគ្នាទាំងគ្រូពេទ្យ និងគលានុបដ្ឋាកជាអ្នកថែទាំ ទោះបីគ្រូពេទ្យមាំទាំ ពូកែយ៉ាងណាក៏ដោយក៏គ្រូពេទ្យមិនអត់អ្នកថែទាំបានទេ ដែលជាកតាលីករជំរុញឲ្យការព្យាបាលអ្នកជំងឺមានប្រសិទ្ធភាព។ ការលេីកឡេីងដូចនេះ ក្នុងសន្និសីទស្តីព រោគកុមារទីលើកទី៤ ក្រោមប្រធានបទ «ការផ្លាស់ប្តូរបទពីសោធន៍ នៃការអនុវត្តគ្លីនិច ក្នុងការថែទាំព្យាបាលទារក កុមារ» នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។
លោក ធា គ្រុយ ក៏បានចាត់ទុកការចូលរួមធ្វើសន្និសីទបែបនេះ ជាការជួយពង្រឹងពង្រីកចំណេះដឹង និងបទពិសោធន៍ល្អ ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញមក សម្រាប់ឲ្យគ្រូពេទ្យក៏ដូចជាអ្នកថែទាំកាន់តែមានសមត្ថភាព ដើម្បីជួយសង្រ្គោះអ្នកជំងឺ។ មន្ទីរពេទ្យកុមារជាតិ ជាគំរូគេក្នុងការថែទាំព្យាបាលកុមារ ហើយជាមន្ទីរពេទ្យបានផ្តល់ការបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រូពេទ្យតាមបណ្តាខេត្ត ផ្សេង ឲ្យចំណេះដឹងកាន់តែប្រសើរ ហើយការបង្រៀនគេក៏អាចជួយឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀតដែរ ព្រោះជាពេលមួយដែលត្រូវស្រាវជ្រាវបន្ថែម ដើម្បីបំពេញនូវចំងល់របស់និស្សិត។
ជាមួយគ្នានោះ លោក Kim SANG GYEUN(គីម សាង ហ្គីយឿន) ប្រធានអង្គការ KOFIH (កូហ្វី)ប្រចាំកម្ពុជា នៃសាធារណរដ្ឋកូរ៉េ បានថ្លែងថា លោកមានការសហការនិងគាំទ្រផ្នែកសុខភាពមាតា និងទារកនៅកម្ពុជា ប្រកបដោយចិរភាព។ កូហ្វី ក៏កំពុងធ្វើការងារលើកកម្ពស់សុខភាព មាតា និងទារក ចាប់តាំងពីឆ្នាំ២០១១មក ក្នុងខេត្តចំនួន៣ ដែលស្ថិតភាគពាយព្យ នៃប្រទេសកម្ពុជា។ កូហ្វីក៏បានចាប់សហការដៃគូថ្នាក់ជាតិ ក្នុងការថែទាំទារក និងកុមារ និងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា កម្មវិធីថែទាំសារវន្ត ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពទារកក្នុងប្រទេសកម្ពុជា។
លោក ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានលេីកឡេីងដែរថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់លទ្ធភាព និងឱកាសឱ្យមន្ទីរពេទ្យកុមារជាតិ ចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍគុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពរបស់បុគ្គលិក ទាំងចំណេះដឹង ជំនាញ និងឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រហូតអាចក្លាយជាគ្រូបង្គោលថ្នាក់ជាតិ ដែលអាចផ្តល់ការបង្ហាត់បង្រៀនបន្តដល់គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប តាមបណ្តាខេត្តនានា និងចូលរួមជាសមាជិកគន្លឹះជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំចងក្រងគោលការណ៍ណែនាំជាតិ វិធីប្រតិបត្តិស្តង់ដារ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ជាតិនៃជំនាញផ្សេងៗក្នុងវិស័យសុខាភិបាល ផងដែរ។
សមិទ្ធិផលដែលសម្រេចបានគួរជាទីមោទនៈទាំងអស់នេះ បានមកពីការផ្ដល់ជូនពីរាជរដ្ឋាភិបាល ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ អាគារ សម្ភារបរិក្ខា និងធនធានមនុស្សស្របតាមផែនការ ជាពិសេស ដោយសារមានការគាំទ្រ និងផ្តល់ឱកាសពីក្រសួងសុខាភិបាល ដល់មន្ទីរពេទ្យកុមារជាតិ ក្នុងការធ្វើកិច្ចសហការជាមួយដៃគូរអភិវឌ្ឍន៍ជាច្រើន ក្នុងនោះមាន អង្គការ(KOICA) ដែលបានផ្ដល់ជំនួយជាអាគារនិងសម្ភារបរិក្ខាមួយចំនួនសម្រាប់ប្រើប្រាស់ ភ្នាក់ងារ អភិវឌ្ឍសាធារណរដ្ឋឆេក ដែលបានជួយបណ្តុះបណ្តាលគ្រូបង្គោលថែទាំព្យាបាលទារក និងផ្ដល់ជូននូវសម្ភារសម្រាប់បណ្តុះបណ្តាល រួមនឹងសម្ភារបរិក្ខាពេទ្យសម្រាប់ផ្ដល់ការថែទាំព្យាបាលទារកជាច្រើន ផងដែរ។
លោក ញឹប អង្គាបុស្ស បានបញ្ជាក់ថា ចាប់តាំងបានចុះអនុសារណៈនៃការយោគយល់គ្នារវាងមន្ទីរពេទ្យកុមារជាតិ និង អង្គការ KOFIH នៅចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មន្ទីរពេទ្យកុមារជាតិ បានជួយបណ្តុះបណ្តាលជំនាញគ្លីនិកក្នុងការថែទាំព្យាបាលទារក ដល់គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប នៅតាមមន្ទីរពេទ្យបង្អែកខេត្ត បានចំនួន ៤០នាក់ រួចមកហើយ ក្នុងនោះមាន(វេជ្ជបណ្ឌិត ២០នាក់ គិលានុបដ្ឋាក និងឆ្មប២០នាក់) មកពីបណ្តាខេត្តនានានៃប្រទេសកម្ពុជា៕
ដោយ៖ គង់ វណ្ណៈ
