ព័ត៌មានជាតិ

ស.ស.យ.ក រៀបចំយុទ្ធនាការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ​ និងជា«ឱកាសមាស»

image

ភ្នំពេញ៖​ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស. យ.ក.)​បានរៀបចំ “យុទ្ធនាការ Beyond The Games» កាលពីរាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ យុទ្ធនាការនេះ ជាយុទ្ធនាការរបស់យើងទាំងអស់គ្នា ដែលជាផ្នែកមួយនៃយុទ្ធ នាការរួមរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលនឹងអនុវត្តដោយសហភាពសហព័ន្ធយុវជនកម្ពុជា​ ក្នុងនាមជាដៃគូរបស់CAMSOC ដើម្បីបង្កើត និងផ្សារភ្ជាប់ជាមួយមហាជនទូទៅនូវ មនោសញ្ចេតនា និងមោទកភាពនៃភាពជាខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា​ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ លោក​ សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការបាយ័នឌឹស៊ីហ្គេម 

BeyondThe Games​ និងជាតំណាង​ លោក ហ៊ុន ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថាយុទ្ធនាការនេះ ជាឱកាសឲ្យទាំងអស់គ្នាលើកតម្កើងកម្ពុជា នៅពេលដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣​ ខាងមុខ។ ម្យ៉ាងវិញទៀតក៏ជាឱកាសចូលរួមជាមួយគ្នា នៅក្នុងអំឡុងពេលយុទ្ធនាការផងដែរ។

លោក​ សុខ​ សប្បាយណា បានបញ្ជាក់ទៀតថា​ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ នឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងរយៈពេល៦៤ឆ្នាំ។​ កម្ពុជាទទួលស្វាគមន៍ កីឡាករ កីឡាការិនី មានចំនួនជាង ៧០០០នាក់ មកពីប្រទេសចំនួន​ ១១ ដើម្បីចូលរួមប្រកួតប្រជែងលើវិញ្ញាសាចំនួន​ ១០៨វិញ្ញាសា​ និងមាន​ ៣៧ប្រភេទកីឡា ប្រកួត នៅតាមបណ្តារាជធានី-ខេត្តចំនួន ៥រួមាន​ រាជធានីភ្នំពេញ,​ខេត្តព្រះសីហនុ, ខេត្តកែប,​ កំពត​ និងខេត្តសៀមរាប។ 

លោកថា​ ការចេះជួយគ្នា ការស្រឡាញ់គ្នា វាមានរួចជាស្រេចនៅក្នុងឌីអិនអេ(DNA)​ ជាខ្មែរ វាមានជាស្រេចនៅក្នុងឈាមជ័រជាខ្មែរ យើងគ្រាន់តែគាស់បង្ហាញថា​កម្ពុជា(ខ្មែរ)​ ពិតជាមានបេះដូង ថែរក្សាឲ្យបានគង់វង្សជាដរាបទៅ ដែលលើសពីព្រឹត្តិការណ៍ស៊ីហ្គេម គឺបេះដូងលោតក្នុងចង្វាក់បេះដូង​ គឺក្តីស្រឡាញ់ចំពោះជាតិ មាតុភូមិ។

គួររម្លឹកផងដែរថា នៅក្នុងសារអារម្ភកថា​ នៃឯកសារផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹតិការណ៍នេះ ពិតជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាមុខមាត់ ជាកេរ្ដិ៍ឈ្មោះ​ និងជាកម្លាំង ថាម ពល ដែលត្រូវដាក់បង្ហាញពិភពលោកឱ្យស្គាល់ យល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច សង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើងបន្ថែមទៀត។ ក្នុងន័យនេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣​ ជាកំណត់ត្រាប្រវត្តិសាស្ត្រ និងជា ឱកាសមាស ដើម្បីបង្ហាញពី កិត្យានុភាពកម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ មិនកំណត់ចំពោះតែឧត្ដមភាពកីឡានោះឡើយ។ 

អត្ថប្រយោជន៍ចម្បងៗដែលកម្ពុជានឹងទទួលបានពីភាពជាម្ចាស់ផ្ទះនេះ រួមមាន​ ជាមរតកប្រវត្តិសាស្ត្រនៃការរៀបចំប្រកួត រួមទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ទិដ្ឋភាពបច្ចេកទេស ធនធានមនុស្ស និងបទពិសោធន៍លើវិស័យកីឡា។​ ក្រៅពីនេះជាកាលានុវត្តភាពទាក់ទាញទេសចរណ៍ និងវិនិយោគពីបរទេសមកកម្ពុជា តាមរយៈការលើកតម្កើងកេរ្តិ៍ឈ្មោះ និងបង្ហាញពីភាពខ្លាំង ស្ថិរភាព និងសុខសន្តិភាពរបស់កម្ពុជា​ និងជាជន្ទល់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩ និងសមិទ្ធផលជាផ្លែផ្កាផ្សេងទៀត សម្រាប់ជាវិបុលភាពនៃប្រជាជាតិកម្ពុជា៕

ដោយ៖​ វង សុភ័ក្ត្រ