ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី គុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៤-៦ ខែតុលា

image

ភ្នំពេញ៖​ តបតាមការអញ្ជើញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រី​ នៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២។​ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការកម្ពុជា​ នៅរសៀលថ្ងៃទី១​ ខែតុលាឆ្នាំ២០២២។ 

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ព្រះករុណា​ ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។​ ទន្ទឹមនេះ​ ក៏នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។  

លោកនាយករដ្ឋមន្រ្តីគុយបា ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ បន្ទាប់មកភាគីទាំងពីរ​ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យកីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។  

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ​ និងនៅមណ្ឌលព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ(ព្រះបរមរតនកោដ្ឋ)​ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ 

ដំណើរទស្សនកិច្ចរបស់​ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជាគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត​ នូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជកាន់តែប្រសើរសម្រាប់ប្រទេស និងប្រជាជនប្រទេសទាំងពីរ៕

ដោយ៖​ វង សុភ័ក្ត្រ