ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ អះអាងថា ការធ្វើអធិការកិច្ចលើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពរបស់រាជរដ្ឋាភិបាល 

image

ក្រចេះ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច   លោក ណុប ចាន់ណារិន្ទ បានលេីកឡេីងថា ការធ្វើអធិការកិច្ច គឺជាការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម ការពារសិទ្ធិរបស់ពលរដ្ឋ និងសុវត្ថិភាពសាធារណៈ ពោលគឺ​ ពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិ បាល ។ 

លោក ណុប ចាន់ណារិន្ទ បានលេីកឡេីងដូចនេះ​ ក្នុងពេលចុះបំពេញបេសកម្មការងារអធិការកិច្ចនៅតាមមន្ទីរ ក្រុង-ស្រុក ចំណុះឲ្យរដ្ឋបាលខេត្តក្រចេះ កាលពីពេលថ្មីៗនេះ។  សកម្មភាពរបស់ក្រុមការងារនាពេលនេះ ជាជ្រុងមួយដើម្បីត្រួតពិនិត្យទៅលើសេវាសាធារណៈ​ នៅតាមមន្ទីរជំនាញ ក្រុង-ស្រុក រដ្ឋបាលខេត្ត និងគ្រឹះស្ថានសាធារណៈ បន្ទាប់ពីកិច្ចការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មទៅឲ្យថ្នាក់ក្រោមជាតិអនុវត្ត។ ក្នុងនាមជាស្ថាប័នអធិការកិច្ចរាជរដ្ឋាភិបាល ចាំបាច់ណាស់ត្រូវពិនិត្យជាប់ជាប្រចាំថា​ តើអង្គភាពណាបានអនុវត្តចំគោលដៅ ដើម្បីចូលរួមក្នុងយន្តការកាត់បន្ថយ និងទប់ស្កាត់អំពើពុករលួយ។ អំពើពុករលួយធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ ដូចជាការបាត់បង់ថវិការដ្ឋ ទ្រព្យសម្បត្តិសាធារណៈ រាំងស្ទះការអភិវឌ្ឍសេដ្ឋកិច្ច បង្កឧបស័គ្តដល់ធុរកិច្ច និងការបាត់បង់ដល់ការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ ពិសេសរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿមកលើរាជរដ្ឋាភិបាល។ 

លោក ណុប ចាន់ណារិន្ទ បានបន្ថែមថា គោលបំណងណៃការធ្វេីអធិការកិច្ចនៅពេលនេះ​ ត្រូវមានជាយន្តការរួមគ្នាជាសារវ័ន្តចំនួន៣គឺ ការបង្ការទប់ស្កាត់ជាមុន ការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមពីមហាជន។ ចំពោះការចុះធ្វើអធិ ការកិច្ចតាមអង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តក្រចេះ ដើម្បីរៀបចំជារបាយការណ៍លទ្ធផលការងារគោរពជូនប្រមុខរាជរដ្ឋាភិបាល តាមឋានុក្រម ពិនិត្យសម្រេច និងលើកសរសើរចំពោះអង្គភាពដែលអនុវត្តបានល្អ និងធ្វើការកែលំអបន្ទាន់ចំពោះអង្គភាពដែលមានការខ្វះខាតចំពោះករណីមិនអនុវត្ត​ ត្រូវបន្តតាមនីតិវិធី៕

ដោយ៖​ វង សុភ័ក្ត្រ