ព័ត៌មានជាតិ

ព្រះសង្ឃ៣អង្គ​ ក្លែងខ្លួនជាជនស៊ីវិលចេញប្លន់ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅស្រុកបសេដ្ឋ

image

កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋានស្រុកបសេដ្ឋបានចាប់ខ្លួនព្រះសង្ឃ៣អង្គ​ កាលពីវេលាម៉ោង​ ៧:៣០នាទី​ ថ្ងៃទី១​ ខែតុលាឆ្នាំ២០២២​ ក្នុងវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ក្រោយចេញប្លន់បានសម្រេចរួចគេចខ្លួន។

លោក ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ បានឱ្យដឹងថា មានព្រះសង្ឃមួយអង្គព្រះនាម វ៉ាត សុខវៀត ព្រះជន្ម២០ព្រះវស្សា គង់នៅវត្តធម្មមង្គល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានមកដាក់ពាក្យបណ្តឹងថា​ នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២​ ព្រះអង្គត្រូវបានជនសង្ស័យមួយក្រុមស្ទាក់ប្លន់យកទូរសព្ទដៃមួយគ្រឿងម៉ាក iphone​ និងលុយខ្មែរ២ម៉ឺនរៀល ពេលដែលព្រះអង្គនិមន្តចេញពីវត្តទៅរកទិញបារី។ព្រះសង្ឃអង្គនេះបានបញ្ជាក់ឱ្យដឹងថា ព្រះអង្គត្រូវបានគេវាយបណ្តាលឱ្យប៉ោងមុខ​ និងជាំភ្នែក។

លោកអធិការរូបនេះ​ បានឱ្យដឹងបន្ថែមថា ក្រោយទទួលបានបណ្តឹងភ្លាមៗ កម្លាំងជំនាញក៏បានបើកការស៊ីបអង្កេតឈានដល់កំណត់មុខសញ្ញាជនសង្ស័យ​ ហើយក៏បានឃាត់ខ្លួនមកសាកសួរ​ ក្នុងនោះបានឃាត់ខ្លួនព្រះសង្ឃ៣អង្គ ១-ព្រះនាម ផុន មករា ព្រះជន្មអាយុ១៦ព្រះវស្សា ២-ព្រះនាម ឌឿន វណ្ណដេតព្រះជន្ម១៦ព្រះវស្សា និង

៣-ព្រះនាម រឿន ធារ៉ា ព្រះជន្ម១៤ព្រះវស្សាដែលគង់បួសរៀននៅវត្តខាងលើមកកាន់អធិការដ្ឋាន។

លោក ចន សុភិត បានឱ្យដឹងថា ក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញ ព្រះសង្ឃទាំង៣អង្គនេះបានសារភាពថាពិតជាបានក្លែងខ្លួនដោយស្លៀកពាក់ស៊ីវិលធ្វើសកម្មភាពប្លន់ព្រះសង្ឃព្រះនាម វ៉ាត សុខវៀត នោះមែន ហើយពេលប្លន់រួចក៏វិលចូលវត្តវិញគ្រងស្បង់ធម្មតា។​ ក្រោយទទួលបានចម្លើយសារភាពកម្លាំងជំនាញក៏បានបញ្ជូនទៅមន្ទីរធម្មការ​ និងសាសនា​ ដើម្បីផ្សឹក​ ហើយបន្តនីតិវិធីច្បាប់៕

អត្ថបទ៖ ប៊ុត សារុន