ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំចុះពិនិត្យស្ថានភាពទឹកជំនន់ ចំនួន ៤ស្រុកក្រុង និងត្រៀមទីទួលសុវត្ថិភាពរួចជាស្រេច​

image

អត្ថបទ៖ កែម ចិន្តា ​

កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ប្រធានមន្ទីរជុំវិញខេត្ត នៅថ្ងៃទី០២ ខែតុលានេះ ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលជន់លិចបង្កឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផលដំណាំផ្សេងៗ និងលិចលង់ខូចខាតដំណាំស្រូវ ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

​ក្នុងឱកាសចុះត្រួតពិនិត្យជំនន់ទឹកភ្លៀងនៅស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន លោក ងួន រតនៈ អភិបាលខេត្តបានថ្លែងនូវការសោកស្តាយចំពោះ ការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែល បានបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

លោក ងួន រតនៈ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល អាចបណ្តាលឱ្យបាត់បង់អាយុជីវិត និងបានណែនាំឱ្យអាជ្ញាធរដែនដី ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួល មានសុវត្ថិភាព បណ្តោះអាសន្នសិន ទម្រាំទឹកស្រកចាំវិលត្រឡប់ទៅកាន់លំនៅស្ថានវិញ និងត្រូវចាត់ចែង កងកម្លំាង ការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ឱ្យបានល្អ។

ក្នុងនោះដែរអភិបាលខេត្តកំពង់ធំបានសង្កត់ធ្ងន់ៗថា សូមឱ្យអាជ្ញាធរថ្នាក់ក្រោមត្រូវត្រៀមផែនការ ៤ចំណុចសំខាន់ៗ ទី១ ត្រូវត្រៀមទូកជួយសង្គ្រោះ និងទូកសម្រាប់ប្រចាំការពិនិត្យមូលដ្ឋានណា តើមានមនុស្ស ឬគ្មានមនុស្សឱ្យហ្មតចត់ ។ ទី២ ត្រូវត្រៀមរកទីតាំងទីទួលសុវត្ថិភាពអោយល្អ និងសំអាតអនាម័យអោយត្រឹមត្រូវ ជៀសវាងមានសត្វអាសិរពិសខាំចឹកប្រជាពលរដ្ឋ។ ទី៣ មិនអនុញ្ញាតឱ្យពលរដ្ឋគ្រប់រូប ហែលទឹក រកត្រី នៅចំណុចទឹកហូរខ្លាំងជាដាច់ខាត់ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ ។ និងទី៤ ពលរដ្ឋដែរជម្លៀសមកកាន់ទីទួលសុវត្ថិភាព ត្រូវឱ្យផ្នែកសុខាភិបាលប្រចាំការគ្រប់ពេលវេលា៕