ព័ត៌មានជាតិ

ឥទ្ធពលនៃព្យុះ ណូរុ ធ្វើឱ្យអាកាសធាតុអាប់អួមានភ្លៀងរលឹមច្រើន បណ្តាលឱ្យប៉ះពាល់ដល់របរនេសាទនៅខេត្តកំពត

image

​អត្ថបទ៖ វង្ស សុធារម្យ​

​កំពត៖ មន្ត្រីជំនាញ និងប្រជានេសាទក្នុងខេត្តកំពត បានបញ្ជាក់ថា អំឡុងពេលបីបួនថ្ងៃកន្លងទៅនេះ ដោយខេត្តកំពតទទួលរងនូវឥទ្ធពលពីព្យុះ ណូរូ បានធ្វើឱ្យអាកាសធាតុអាប់អួ និងមានភ្លៀងរលឹមច្រើន ដែលធ្វើឱ្យអ្នកនេសាទទឹកជ្រៅមួយចំនួនធំ មិនចេញទូកទៅនេសាទនោះទេ ខណៈដែលអ្នកនេសាទទឹករាក់ និងប្រជានេសាទមានជីវភាពខ្វះខាត់ នៅតែចេញទូកទៅនេសាទជាធម្មតា។ 

លោក សុខ កៅ ប្រធានសហគមន៍នេសាទកំពង់សាមគ្គី ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់ឱ្យដឹងថាប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនទៅនេសាទនៅតំបន់ទឹកជ្រៅ ភាគច្រើនមិនបានចេញទៅនេសាទនោះទេ ប៉ុន្តែសម្រាប់ប្រជាសហគមន៍ នៅតែបន្តការនេសាទបានជាធម្មតា ទោះអាកាសធាតុអាប់អួ មានភ្លៀងរលឹមច្រើន ប៉ុន្តែត្រីសាច់នៅរកបានជាធម្មតា និងធានាបាននូវសុវត្ថិភាពផងដែរ។  

ប្រជានេសាទរស់នៅឃុំកូនសត្វ ស្រុកទឹកឈូ លោក សោម អាន  បានឱ្យដឹងដែរថា កំលុងពេលអាកាសធាតុទទួលរង់ឥទ្ធិពលព្យុះពីប្រទេសជិតខាង ប្រជានេសាទក្នុងឃុំរបស់លោក ជាអ្នកនេសាទក្នុងតំបន់ទឹករាក់ បានចេញទៅនេសាទជាធម្មតា ប៉ុន្តែអ្នកទៅរកនៅតំបន់សមុទ្រទឹកជ្រៅ មិនបានចេញទូកទៅនេសាទភាគច្រើន ដោយសារតែខ្លាចជួបនូវគ្រោះថ្នាក់ផ្សេងៗ ដែលបង្កឡើងដោយឥទ្ធពលនៃព្យុះ។ 

ទើបត្រឡប់មកពីនេសាទ,  លោក បាន យ៉េន រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ក៏បានប្រាប់ឱ្យដឹងថា ក្រៅយពីខេត្តកំពត ទទួលរងនូវឥទ្ធពលព្យុះ បានធ្វើឱ្យតំបន់សមុទ្រទឹកជ្រៅមានរលកធំៗ និងមានភ្លៀងរលឹមជាប់  ប៉ុន្តែលោកសន្និដ្ឋានថា ចាប់ពីថ្ងៃនេះទៅ ស្ថានភាពអាកាសធាតុនៅលើផ្ទៃសមុទ្រ នឹងល្អប្រសើរឡើងិវញ ហើយការនេសាទអាចធ្វើទៅបានតាមប្រក្រតី។ 

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានប្រាប់ឱ្យដឹងថា អាកាសធាតុប៉ុន្មានថ្ងៃក្រោយការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីការទទួលរង់ឥទ្ធិពលព្យុះ ណូរុ  អាកាសធាតុនៅក្នុងខេត្តកំពត ពិសេសលើផ្ទៃសមុទ្រមានភាពអាប់អួ មានភ្លៀងរលឹមស្ទើរមិនដាច់គ្រាប់ ដែលធ្វើឱ្យប្រជានេសាទមួយចំនួនធំ មិនបានចេញទូកទៅនេសាទនោះទេ អ្នកចេញទូកមានប្រហែល ២០%ប៉ុណ្ណោះ  ប៉ុន្តែសម្រាប់បងប្អូនប្រជានេសាទនៅតំបន់ទឹករាក់ និងនៅតំបន់ក្បែរៗសហគមន៍ នៅតែចេញទៅនេសាទជាធម្មតា៕